ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ឯកឧត្តម ឈិន កេតនា ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់អ្នកជំងឺ និងក្រុមគ្រូពេទ្យជាង ១០០នាក់
នៅក្នុងទិវាប្រកបដោយសិរីមង្គលនៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុ ប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួងចែកជូនដល់ក្រុមគ្រូពេទ្យ និង អ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល ប្រមាណជាង១០០នាក់ នៅមន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សង្ខេបអំពីលទ្ធផលនៃកិច្ចការងាររបស់ លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ត ប្រធានមន្ទីពេទ្យសម្តេចឪ សម្តេចម៉ែ ជាពិសេសការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយទទួលបាននូវលទ្ធផលជោគជ័យជាបន្តបន្ទាប់សម្រាប់មន្ទីរពេទ្យរួចមក នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ដែលជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេសតែងតែរៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្របតាមព្រះរាជប្បវេណីពីបុរាណដ៏ថ្កើនថ្កាន និងដើម្បីសម្តែងនូវកតញ្ញូតាធម៌ តបស្នងព្រះមហាករុណាទិគុណដ៏ធំធេង ដែលព្រះអង្គបានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រជាកូនចៅ ចៅទូតរបស់ព្រះអង្គ ពិសេសលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ច សុខុមាលភាពទូទៅ និងដើម្បីចូលរួមអបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អស់រយៈកាលជាង ៤០ ឆ្នាំមកនេះ ហើយបច្ចុប្បន្នសម្តេចគឺជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដឹកនាំប្រទេសជាតិឲ្យមានការប្រែប្រួលអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ បុគ្គលិក កម្មករ និងប្រជាជនទូទាំងប្រទេសប្រកបដោយសេចក្តីសុខក្សេមក្សាន្ត រហូតមកដល់នាយករដ្ឋមន្ត្រីបន្តវេនអាណត្តិទី៧ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តបោះជំហានយ៉ាងស្វាហាប់ និងមោះមុត ក្នុងការថែរក្សានូវខឿនសន្តិភាព បុព្វហេតុការពារជាតិ និងការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។
បន្ទាប់អំពីកម្មវិធីសំណេះសំណាលសាកសួរសុខទុក្ខ រួចមក ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុ ប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំង ឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម ជាសមាជិក សមាជិកា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចែកជូននូវអំណោយរួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួងជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល ព្រមទាំងស្ត្រីដែលទើបសម្រាល កូនរួចកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ សរុបប្រមាណជាង១០០ នាក់ ។ សូមបញ្ជាក់ជូនថាអំណោយដែលចែកជូន ក្នុងម្នាក់ៗទទួលបាន មី ទឹកដោះគោ ស្ករស ត្រីខកំប៉ុង នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួនផងដែរ។



