ឯកឧត្តម ឈួរ សុបញ្ញា: ពុទ្ធិកសិក្សា ជាថ្នាលបណ្តុះបញ្ញា និងស្មារតីជាតិ បង្កើតមនុស្សល្អ ដើម្បីជាតិខ្មែរ រឹងមាំ សន្តិភាព និងរុងរឿង
ខេត្តស្វាយរៀង៖ នៅថ្ងៃអាទិត្យ ៩រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្នុងនាមពុទ្ធុិកសមាគមកម្ពុជរដ្ឋ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកគណ:កម្មការនាយក បានចូលរួមពិធីបើកបវេសនកាលពុទ្ធិកសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ ទូទាំងខេត្តស្វាយរៀង ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅវត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងអធិបតីភាពឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។ក្នុងពិធីនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះមេគណ ប្រធានមន្ទីរ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្ស និងសប្បុរសជន សរុបចំនួន ៤៤១ អង្គ/នាក់ ដែលបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យពុទ្ធិកសិក្សា។
ពិធីបើកបវេសនកាលនេះ មិនត្រឹមតែជាការចាប់ផ្តើមឆ្នាំសិក្សាថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញពីការបន្តបេសកកម្មលើកកម្ពស់ការអប់រំព្រះធម៌ សីលធម៌ និងបញ្ញា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យកាន់តែរឹងមាំ និងចីរភាព។ ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម សាមគ្គីភាព និងស្មារតីគោរពព្រះធម៌យ៉ាងខ្ពង់ខ្ពស់ នៅវត្តជម្ពូព្រឹក្សា៕
ថ្លែងក្នុងឱកាសនោះ សម្តេចព្រះធម្មលិខិតបានមានព្រះឱវាទផ្តាំផ្ញើដល់សមណសិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងអង្គពិធីទាំងមូល ឱ្យបន្តរួមគ្នាលើកកម្ពស់វិស័យអប់រំពុទ្ធិកសិក្សា ដោយផ្អែកលើសីលធម៌ បញ្ញា និងវិន័យ ជាគ្រឹះសម្រាប់ការកសាងមនុស្សល្អ និងសង្គមល្អ។ សម្តេចបានសង្កត់ធ្ងន់ថា ការអប់រំមិនត្រឹមតែបណ្តុះចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះចិត្តឱ្យមានគុណធម៌ ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវចំពោះសង្គម និងជាតិ។ ដូចពុទ្ធវចនៈបានបង្ហាញថា៖ “សីលំ សុគតិស្ស មូលំ” និង “បញ្ញា នរនំ រតនំ” ដែលបញ្ជាក់ថា សីលធម៌ និងបញ្ញា គឺជាគន្លឹះដ៏សំខាន់សម្រាប់ជីវិត និងសង្គម។ សម្តេចក៏បានអំពាវនាវឱ្យយុវជនជំនាន់ក្រោយ បន្តខិតខំរៀនសូត្រ អភិវឌ្ឍខ្លួន និងរួមគ្នារក្សាសាមគ្គីភាព ស្រឡាញ់ជាតិ សាសនា និងវប្បធម៌ ដើម្បីធានាថា ប្រទេសកម្ពុជានឹងបន្តរឹងមាំ សន្តិភាព និងរីកចម្រើនប្រកបដោយចីរភាព។



