លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារហ្វឹកហ្វឺន

កំបូល ៖ រសៀលថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីធ្វើការត្រួតពិនិត្យចុងក្រោយវឌ្ឍនភាពការងារត្រៀមរៀបចំបិទវគ្គបណ្តុះបណ្តាលពលទាហាននៃកងរាជអាវុធហត្ថ និងការត្រៀមបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថ ជំនាន់ទី៤៨ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។

ក្រៅពីនេះលោកឧត្តមសេនីយ៍ទោ មេបញ្ជាការរងនិងជានាយសេនាធិការ ក៏បានប្រជុំផ្សព្វផ្សាយការត្រៀមរៀបចំកម្លាំងនាយទាហានរងនៃកងរាជអាវុធហត្ថចំនួន ០២ផែន ស្មើនឹង២២០នាក់ដើម្បីទៅចូលរួមឈរផែនអបអរសាទរក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង នៅខេត្តកោះកុង នាថ្ងៃទីថ្ងៃទី២៩-៣១ ខែឧសភា ឆ្នាំ២០២៦។

កិច្ចប្រជុំផ្សព្វផ្សាយផែនការនេះមានការអញ្ជើញចូលរួមពីសំណាក់ស្នងការ ស្នងការរង នាយក នាយករងវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល មេបញ្ជាការកងវរសេនាតូចសិក្សា និងអង្គភាពចំណុះដែលមានការពាក់ពន្ធ័។