សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង

សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមដំណើរដោយឯកឧត្តម ឈា ហន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង និងមន្ត្រីអ្នកមុខអ្នកការក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវអំណោយដែលជាសណ្តានចិត្តដ៏ថ្លៃថ្លារបស់សម្តេចមហាមន្ត្រី និងលោកជំទាវ សុខ នារី ជូនដល់ក្រុមគ្រួសារកងទ័ពនៅសមរភូមិជួរមុខនៅឃុំចំនួន១០ ក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២៦។

បន្ទាប់ពី លោកអភិបាលស្រុកបរិបូរណ៌ បានជម្រាបជូនអំពីការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ និងការងារគ្រប់ គ្រងពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃ និងស្ថិតិគ្រួសារកងទ័ព គ្រួសារភៀសសឹកក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងរួចមក សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គមានព្រះរាជហឬទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យអាណិតស្រឡាញ់ដ៏ ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលជាវីរកងទ័ពជួរមុខ គ្រួសារកងទ័ព ដែលមានទីលំនៅក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងគ្រប់រូប។

សម្តេចមហាមន្ត្រី គុយ សុផល បានជម្រាបជូនអំពីសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកបរិបូរណ៌នេះទាំងមូល។

តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលបានមានប្រសាសន៍ក្រើនរំលឹកឲ្យអាជ្ញាធរមូលដ្ឋានគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរបស់គ្រួសារយុទ្ធជន យុទ្ធជន និងអតីតយុទ្ធជន ដែលបានលះបង់យ៉ាងធំធេងសម្រាប់បុព្វហេតុជាតិមាតុភូមិ ហេតុនេះហើយ ទើបសម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ សុខ នារី គុយ សុផល ជានិច្ចកាលតែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខសុខមាលភាព ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត ដោយនាំយកនូវអំណោយជូនដល់គ្រួសារកងទ័ពជួរមុខ សរុបចំនួន ១៥៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ចំនួន ១បាវ ស្មើ៥០គ.ក មី ចំនួន១កេស ស្មើ២៤កញ្ចប់ ទឹកត្រី ចំនួន ១យួរ ស្មើ ៦ដប ទឹកស៊ីអ៊ីវ ចំនួន ១យួរ ស្មើ ៦ដប ថង់យួរដៃបរិស្ថានចំនួន១ និងថវិកាចំនួន ២០០.០០០៛ (ពីររយពាន់រៀល)។

សម្តេចមហាមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្ត និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងតែអនុវត្តការងារយ៉ាងសកម្មមមាញឹកបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋទូទាំងប្រទេស។ សម្តេចមហាមន្ត្រី បានមានប្រសាសន៍ផងដែរ អំពីគុណតម្លៃដ៏សំខាន់នៃសុខសន្តិភាព ដែលយើងត្រូវរួបរួមគ្នាថែរក្សាការពារឲ្យបានជាដាច់ខាត។

សម្តេចមហាមន្ត្រី និងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង បានសម្តែងនូវសេចក្តីអាណិតស្រឡាញ់ចំពោះបងប្អូន ប្រជាពលរដ្ឋជាក្រុមគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ទាំង១៥៣គ្រួសារ និងបានជូនពរជ័យសិរីមង្គល សូមបងប្អូនបានប្រកបតែសេចក្តីសុខ សុភមង្គល ជាដរាបតរៀងទៅ។

សូមរំលឹកថា សកម្មភាពមនុស្សធម៌នេះជាលើកទី៥ហើយ ដែលសម្តេចមហាមន្ត្រី គុយ សុផល បាននាំយកនូវអំណោយដ៏សប្បុរសយកមកចែកជូនដោយផ្ទាល់ដៃដល់គ្រួសារវីរកងទ័ពនៅសមរភូមិជួរមុខ ស្ថិតនៅស្រុកបរិបូរណ៌ ដោយកាលពីចំនួន៤លើកកន្លងមក បាននាំយកទៅចែកជូននៅស្រុកបរិបូរណ៌ចំនួន៣លើក និងស្រុកជលគីរីចំនួន១លើក ដែលនេះបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋកម្ពុជា និងសប្បុរសជនទាំងអស់ ដែលបានរួមជាកម្លាំងមហាសាមគ្គីជាតិជាធ្លុងមួយ ក្រោមស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ដើម្បីឈរនៅពីក្រោយវីរកងទ័ពគ្រប់រូប ដែលកំពុងឈរជើង បំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

សូមជម្រាបជូនថា គ្រួសារកងទ័ពជួរមុខ ចំនួន ១៥៣គ្រួសារ ក្នុងស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង ដែលបានមកទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាមន្ត្រីនាឱកាសនេះ មានឃុំអញ្ជាញរូង ចំនួន១៩គ្រួសារ ឃុំឆ្នុកទ្រូ ចំនួន៦គ្រួសារ ឃុំចកចំនួន១០គ្រួសារ ឃុំខុនរ៉ង ចំនួន១៨គ្រួសារ ឃុំមេលំ ចំនួន១០គ្រួសារ ឃុំផ្សារចំនួន៤គ្រួសារ ឃុំពេជចង្វារ ចំនួន ៤គ្រួសារ ឃុំពពេល ចំនួន២០គ្រួសារ ឃុំពន្លៃ ចំនួន២៧គ្រួសារ និងឃុំត្រពាំងចាន់ ចំនួន៣៧គ្រួសារ៕