ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ពៅ សុខ ម្តាយបង្កើតលោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានទទួលមរណភាពក្នុង ជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ,
(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញទៅដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សពមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ពៅ សុខ ម្តាយបង្កើតលោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា
បានទទួលមរណភាពកាលពីវេលាម៉ោង ១៥.៤៥នាទី រសៀល ថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្នុង ជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ។
សព មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ពៅ សុខ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋាន ភូមិជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ ឈឹមពៅ សុខកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដោយចាត់ទុកការទទួលមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពៅ សុខ ជាការបាត់បង់ដ៏ធំធេង នូវម្តាយបង្កើត ម្តាយ ម្តាយក្មេក បងស្រីបង្កើត ជីដូន និងសាច់សាលោហិតប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងជាទីគោរពស្រលាញ់ ដែលកន្លងមកបានចិញ្ចឹមបីបាច់ ថែរក្សា អប់រំ និងបណ្តុះបណ្តាលបញ្ញាស្មារតីដល់ ប្អូនៗ កូនៗ និងចៅៗឱ្យមានចំណេះដឹងជ្រៅជ្រះ និងក្លាយជាធនធានដ៏ឧត្តមនៅក្នុងសង្គម។ ទន្ទឹមគ្នានេះ ការឃ្លាតឆ្ងាយរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពៅ សុខ ក៏ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ប្រកបដោយសទ្ធាជ្រះថ្លាដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ធនធាន និងពេលវេលាក្នុងការលើកស្ទួយ វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
ក្នុងវេលាប្រកបដោយក្តីវិយោគ និងសេចក្តីសោកសង្រេងនេះ យើងទាំងអស់គ្នាសូមសម្តែងនូវ ការសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពៅ សុខ សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕



