អាជ្ញាធរជាតិព្រះវិហារទទួលវត្ថុបុរាណចំនួន៣ ពីប្រជាពលរដ្ឋនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

អាជ្ញាធរជាតិព្រះវិហារ បានទទួលវត្ថុបុរាណចំនួន៣ ពីប្រជាពលរដ្ឋ សហគមន៍កន្ទួត ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមមាន ដងខ្លួនទេពស្រីចំនួន១ និងខួចចំនួន២ធ្វើពីដីដុត ដើម្បីរក្សាទុក អភិរក្ស និងសិក្សាស្រាវជ្រាវបន្ត។

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ផេង​ សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការប្រគល់ទទួលវត្ថុបុរាណចំនួន៣នៅវត្តកន្ទួត ស្ថិតក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលប្រជាពលរដ្ឋប្រទះឃើញកន្លងមក យកមករក្សាទុកនិងធ្វើការអភិរក្ស។

អ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា វត្ថុបុរាណទាំងនោះមាន ដងខ្លួនទេពស្រីចំនួន១ធ្វើអំពីថ្មភក់ រចនាបទកោះកេរ សតវត្សទី១០ និង ខួចចំនួន២ធ្វើពីដីដុត សតវត្សទី១១-១២ ដែលមានប្រភពមកពីភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងពេលទទួលវត្ថុបុរាណនោះ ក៏ប្រទះឃើញសិលាចារឹកចំនួន១ផ្ទាំង យកមកពីប្រាសាទព្រៃស្វាយ ស្ថិតនៅខាងត្បូងឆៀងខាងលិចភូមិកន្ទួតប្រមាណជា៣គីឡូម៉ែត្រ សិលាចារឹកនោះបានចារលើស៊ុមទ្វារប្រាសាទ មានអក្សរចំនួន៣១បន្ទាត់ ជាភាសាខ្មែរបុរាណ។

អាជ្ញាធរជាតិព្រះវិហារសូមថ្លែងអំណរអគុណយ៉ាងជ្រាវជ្រៅ ចំពោះព្រះសង្ឍ ប្រជាពលរដ្ឋ ទាំងអស់ក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត និងតំបន់នានា ដែលបានចូលរួមសហការប្រគល់វត្ថុបុរាណគ្រប់ប្រភេទដោយស្ម័គ្រចិត្តកន្លងមក ដើម្បីយកមករក្សាទុក និង សិក្សាបន្ដនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។ ការប្រគល់វត្ថុបុរាណមកអ្នកជំនាញរក្សាទុក និងអភិរក្ស បង្ហាញអំពីស្មារតីក្នុងការចូលរួមកិច្ចការពារវត្ថុបុរាណរបស់បុព្វបុរសខ្មែរ និងលើកតម្លៃមរតកវប្បធម៌ជាតិ។