ឯកឧត្តម ហួត ហាក់ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសូចនាករទេសចរណ៍ ឆ្នាំ២០២៥ និងការព្យាករណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា ការគ្រប់គ្រង និងតាមដានទិន្នន័យទេសចរណ៍ដែលមានភាពត្រឹមត្រូវ ឯករាជ្យ វិជ្ជាជីវៈ និងទាន់ពេលវេលា គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅនឹងនិន្នាការទេសចរណ៍ក្នុងតំបន់ និងសកលលោក ។

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសូចនាករទេសចរណ៍ឆ្នាំ២០២៥ និងព្យាករណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២៦ ដែលបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសូចនាករទេសចរណ៍ ឆ្នាំ២០២៥ និងការព្យាករណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានជាតិទេសចរណ៍, មន្ត្រីគ្រប់លំដាប់ថ្នាក់នៃនាយកដ្ឋានស្ថិតិទេសចរណ៍ ដែលបានរៀបចំសូចនាករទេសចរណ៍នេះ បានលេចចេញជារូបរាង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ, ធនាគារជាតិនៃកម្ពុជា, វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ, ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់, គណៈអភិបាលរាជធានី ខេត្ត និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលានៅក្នុងការងាររៀបចំ ប្រមូលចងក្រង និង គ្រប់គ្រងទិន្នន័យទេសចរណ៍ នាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីជ្រាបថា ការងារស្ថិតិនេះ មានភាពស្មុគស្មាញ និងមមាញឹកណាស់ ដោយតម្រូវឱ្យធ្វើការងារទាំងនៅថ្ងៃចុងសប្តាហ៍, ថ្ងៃឈប់សម្រាក ពិសេសនៅពេលប្រារព្ធពិធីជាតិបុណ្យធំៗ ដែលតម្រូវឱ្យមានការបូកសរុបស្ថិតិទេសចរណ៍នេះឱ្យបានទាន់ពេលវេលា ដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំកំពូល និងផ្សព្វផ្សាយជា សាធារណៈផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចបន្តទៀតថា ការគ្រប់គ្រង និងតាមដានទិន្នន័យដែលជាក់លាក់ ដោយឈរលើមូលដ្ឋាននៃគោលការណ៍ ភាពត្រឹមត្រូវ ឯករាជ្យ សត្យានុម័ត វិជ្ជាជីវៈ និងភាពទាន់ពេលវេលា គឺមានសារៈសំខាន់បំផុតក្នុងការប្រើប្រាស់ជាមូលដ្ឋានក្នុងការកសាង និងដាក់ចេញនូវយុទ្ធសាស្រ្ត គោលនយោបាយ និងកម្មវិធីពិសេសនានា ដើម្បីឆ្លើយតបនឹងសភាពការណ៍ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនថា មហាគ្រួសារវិស័យទេសចរណ៍ និងក្រុមការងារផ្នែកទេសចរណ៍ (ក្រុម ខ) នៃវេទិការាជរដ្ឋាភិបាល វិស័យឯកជន បានតាមដានដោយយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍វិវត្ត និន្នាការទេសចរណ៍ក្នុងតំបន់ និងសកលលោក ព្រមទាំងបានរួមគ្នាដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៦ ដោយទទួលបានគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល សំដៅរក្សាភាពធន់នៃវិស័យទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិ, បន្តរក្សាភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក, ការកសាងនិងពង្រឹងទំនុកចិត្ត និងបង្កើនភាពជឿជាក់លើវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត។ មហាគ្រួសារវិស័យទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ ចំនួន ៦ រួមមាន៖ ទី១). ការពង្រឹងយុទ្ធសាស្ត្រសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស តាមរយៈការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ, ទី២). ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ, ទី៣). ការសម្រួលការធ្វើដំណើរចូល-ចេញប្រទេសកម្ពុជា និងការតភា្ជប់ការធ្វើដំណើរ, ទី៤). ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍, ទី៥). ការអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជាឱ្យសម្បូរបែបនិងមានភាពទាក់ទាញ, និងទី៦). ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍៕