ការចុះពិនិត្យមើលទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក ដើម្បីត្រៀមបង្ការ និងទប់ស្កាត់នូវការនាំចូល​ នៃ​ជំងឺ​ Hantavirus នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ដោយ​មានការណែនាំ​ដ៏ខ្ពង់ខ្ពស់​ពី​ ឯកឧត្ដម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកការងារជំងឺឆ្លង នៃក្រសួងសុខាភិបាល​​ បានដឹកនាំប្រតិភូសុខាភិបាលចុះពិនិត្យមើលទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ ការនាំចូល​ នូវជំងឺឆ្លង​ Hantavirus នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកជំទាវរដ្ឋលេខាធិការ និងគណ:ប្រតិភូអមដំណើរមកពីក្រសួងសុខាភិបាល ដោយមានការចូលរួម​ ពី​ ក្រុមការងារ​ ខាង​ព្រលាន​យន្តហោះ​ និង​ ផ្នែក​ពាក់ព័ន្ធ​ បានធ្វើការពិនិត្យទីតាំងជាក់ស្ដែង និងផ្តល់អនុសាសន៍ ព្រមទាំងផ្តល់នូវវិធានការសំខាន់ៗមួយចំនួន រួមមាន៖
– កំណត់​ជាក់លាក់​ និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ នូវ​ការ​ស្កែន​កំដៅ​គ្រប់​អ្នក​ដំណើរ​ ចូល​ទាំង​អស់​ នៅ​ទី​តាំង​អ្នក​ដំណើរ​មកដល់
​- ត្រៀម​ជាស្រេច​ក្នុង​ករណី​សង្ស័យ​ ដោយ​អនុវត្ត​វិធាន​សុខាភិបាល​ ជាធរមាន​
-ពង្រឹងប្រព័ន្ធឆ្លើយតបបន្ទាន់ និងទូរស័ព្ទ Hotlines 115 និងបានធ្វើការសាកល្បងជាបន្តបន្ទាប់
– ក្នុងករណីមាន ការរកឃើញ​ណាមួយ​ ដោយត្រៀមមន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ការដាក់នៅដាច់ដោយឡែក (Isolation) និងព្យាបាលអ្នកជំងឺបន្ទាន់
– ត្រៀមក្រុមពេទ្យ ដោយរៀបចំតាមផ្នែកនីមួយៗ សម្រាប់ការធ្វើតេស្តវិភាគសំណាក (Sample Testing Screening) និងព្យាបាល
– ត្រៀមឧបករណ៍ និងសំភារៈមន្ទីរពិសោធន៍ ព្រមទាំងឱសថ និង PPE
– នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បន្តរៀបចំជាសារអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ អំពីវិធានការផ្សេងៗ។ ក្រុមការងារ​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​បន្ត​ធ្វើការ​តាមដាន​ យ៉ាង​យកចិត្តទុកដាក់​ និង​ផ្ដល់​ព័ត៌មាន​ឱ្យ​បានទាន់ពេល​វេលា​។