ពិធីចុះហត្ថលេខាលើកិច្ចសន្យា រវាងអង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា (KTB) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD (JAPAN)
ទីស្តីការក្រសួង៖ ព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា រវាងអង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា (KTB) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD (JAPAN) ដោយមានការចូលរួមពី តំណាងក្រុមហ៊ុន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ក្រសួងពាក់ព័ន្ធ និងមន្រ្តីរាជការជាច្រើនរូប។
ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាប្រឹក្សាយោបល់សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព (FS) ការរចនាប្លង់បច្ចេកទេសលម្អិត (DEDs) និងការត្រួតពិនិត្យការសាងសង់ (CS) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដឹកនាំដោយ CHODAI CO., LTD (ប្រទេសជប៉ុន) សម្រាប់គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា (KTB)។
គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លានេះ នឹងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់តំបន់កោះខ្សាច់ទន្លាទៅកាន់ផ្លូវជាតិលេខ២១ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ រួមចំណែកដល់ការលើកកម្ពស់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានភាពសកម្មបន្ថែមទៀត៕



