លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី និងឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ ឆ្នាំសិក្សា ២០២៦–២០២៧ ដើម្បីលើកកម្ពស់អប់រំសីលធម៌ និងបញ្ញាជាតិ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី អនុប្រធានអចិន្រ្តៃយ៍ និងឯកឧត្តម ឈួរ សុបញ្ញា សមាជិកគណ:កម្មាធិការនាយក នៃពុទ្ធិកសមាគមកម្ពុជរដ្ឋបានអញ្ជើញចូលរួមពិធីបើកបវេសនកាលពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ ឆ្នាំសិក្សា ២០២៦–២០២៧ នៅវត្តជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ និងជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសុមធាធិបតី អំ លីមហេង ព្រះសង្ឃនាយក នៃគណៈមហានិកាយ និងអធិបតីភាពពីសំណាក់ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល និងលោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង និងមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ ប្រមាណ៦០០រូប។
ក្នុងឱកាសនោះលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍យ៊ថា ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ គឺជាគ្រឹះស្ថានអប់រំដ៏មានតម្លៃ ដែលមិនត្រឹមតែបណ្តុះបណ្តាលចំណេះដឹងសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងបណ្តុះសីលធម៌ វិន័យ និងមនសិកាជាតិ ដល់យុវជនជំនាន់ក្រោយផងដែរ។ក្នុងបរិបទសង្គមកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ការអប់រំដែលផ្អែកលើគុណធម៌ គឺជាគន្លឹះសំខាន់ក្នុងការកាត់បន្ថយអំពើអសីលធម៌ ការរើសអើង និងបញ្ហាសង្គមផ្សេងៗ។ លោកបានបន្ថែមថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ តែងតែគាំទ្រ និងលើកទឹកចិត្តដល់វិស័យសាសនានិងអប់រំ ពិសេសការបណ្តុះបណ្តាលយុវជនឱ្យក្លាយជាពលរដ្ឋល្អ មានការទទួលខុសត្រូវ មានស្មារតីសាមគ្គី និងស្រឡាញ់សន្តិភាព។ លោកក៏បានអំពាវនាវឱ្យមាតាបិតា អាណាព្យាបាល និងសហគមន៍ បន្តចូលរួមគាំទ្រការសិក្សារបស់កូនចៅ ដើម្បីរួមគ្នាសាងសង់សង្គមដែលមានស្ថិរភាព និងចីរភាព។
បន្តទៀតនោះ លោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពុទ្ធិកសិក្សា គឺជាសសរគ្រឹះមួយដ៏សំខាន់នៃប្រព័ន្ធអប់រំជាតិ ដែលរួមចំណែកបណ្តុះបណ្តាលមនុស្សឱ្យមានទាំងបញ្ញា និងគុណធម៌។ ការអប់រំផ្លូវព្រះពុទ្ធសាសនា មានតួនាទីសំខាន់ក្នុងការបង្កើតសង្គមដែលមានសុចរិតភាព សន្តិភាព និងការរួមរស់ដោយសុខដុមរមនា។មន្ទីរធម្មការ និងសាសនា នឹងបន្តសហការជាមួយគ្រឹះស្ថានពុទ្ធិកសិក្សា និងអាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់គុណភាពអប់រំ ពង្រឹងកម្មវិធីសិក្សា និងបណ្តុះបណ្តាលគ្រូបង្រៀនឱ្យមានសមត្ថភាពខ្ពស់។ លោកក៏បានជំរុញឱ្យសមណសិស្ស និងសិស្សានុសិស្សទាំងអស់ បន្តខិតខំសិក្សា ស្វែងយល់ និងអនុវត្តគុណធម៌ ដើម្បីក្លាយជាមនុស្សមានតម្លៃសម្រាប់សង្គម និងប្រទេសជាតិ។
ដើម្បីទិដ្ឋានុគតិក្នុងអង្គពិធី លោកអ្នកឧកញ៉ា មហាភក្តីបានមានប្រសាសន៍យ៉ាងជ្រាលជ្រៅថា ការអប់រំ គឺជាគន្លឹះមូលដ្ឋានសម្រាប់ការកសាងជាតិ និងអនាគតប្រទេស។ លោកបានលើកឡើងថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើធនធានមនុស្ស ដែលជាចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ លោកបានលើកទឹកចិត្តដល់សមណសិស្ស និងសិស្សានុសិស្សទាំងអស់ ឱ្យខិតខំសិក្សា អភិវឌ្ឍសមត្ថភាព និងប្រកាន់ខ្ជាប់គុណធម៌ ដើម្បីក្លាយជាអ្នកដឹកនាំ និងជាអ្នកបម្រើសង្គមដែលមានគុណភាព។ លោកក៏បានសង្កត់ធ្ងន់ថា ការរួមចំណែករបស់គ្រប់គ្នាក្នុងការគាំទ្រការអប់រំ គឺជាកត្តាសំខាន់ក្នុងការបង្កើតសង្គមចេះដឹង មានសមត្ថភាព និងមានការប្រកួតប្រជែងក្នុងកម្រិតតំបន់ និងអន្តរជាតិ។ជាពិសេស លោកអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ខ្មែរត្រូវរួមសាមគ្គីគ្នា ដើម្បីថែរក្សា អក្សរសាស្ត្រ និងអក្សរសិល្ប៍ជាតិ ដែលជាគ្រឹះដ៏សំខាន់នៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលបានបន្តមកពីបុរាណកាលយូរលង់។ ក្នុងន័យនេះបីដូចពុទ្ធវចនៈព្រះអង្គសម្តែងថា“សមគ្គា នំ តបោ សុខោ” (សាមគ្គីនាំមកនូវសុខ) ដែលបញ្ជាក់ថា កម្លាំងសាមគ្គីភាព គឺជាមូលដ្ឋាននៃសុខសន្តិភាព និងភាពរឹងមាំរបស់សង្គម និងជាតិ។
ក្នុងព្រះឱវាទកថាដ៏មានតម្លៃ និងជ្រាលជ្រៅ សម្តេចព្រះធម្មលិខិត បានមានព្រះថេរដីកាថា ពុទ្ធិកសិក្សា គឺជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងមនុស្សឱ្យមានទាំងបញ្ញា និងសីលធម៌។ ព្រះអង្គបានបញ្ជាក់ថា ការសិក្សា មិនត្រឹមតែជាការប្រមូលចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្ដុះចិត្ត កែប្រែអាកប្បកិរិយា និងបង្កើតមនុស្សដែលមានគុណភាពពេញលេញ។ ព្រះអង្គបានលើកឡើងថា សីលធម៌ គឺជាគន្លឹះសម្រាប់ការរស់នៅដោយសុខសាន្ត និងការរួមរស់ជាមួយគ្នាដោយសុខដុមរមនា។ ព្រះអង្គបានយោងពុទ្ធវចនៈ“សីលំ សុគតិស្ស មូលំ” (សីលជាមូលដ្ឋាននៃសុគតិ) “បញ្ញា នរនំ រតនំ” (បញ្ញាជារតនៈដ៏ប្រសើររបស់មនុស្ស) “ធម្មោ ហវេ រក្ខតិ ធម្មចារី” (ធម៌តែងតែការពារអ្នកប្រព្រឹត្តតាមធម៌) ដោយព្រះអង្គបានជំរុញឱ្យសមណសិស្ស និងសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ មានវិន័យ មានការគោរពគ្រូអាចារ្យ និងអនុវត្តគុណធម៌ក្នុងជីវិតប្រចាំថ្ងៃ។ ព្រះអង្គក៏បានបញ្ជាក់ថា ការអប់រំពុទ្ធិកសិក្សា គឺជាឧបករណ៍សំខាន់ក្នុងការបង្កើតសង្គមដែលមានសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស ព្រះអង្គបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តសហការគ្នា ក្នុងការលើកកម្ពស់វិស័យពុទ្ធិកសិក្សា ដើម្បីថែរក្សា និងបន្តអភិវឌ្ឍតម្លៃវប្បធម៌ សាសនា និងអត្តសញ្ញាណជាតិខ្មែរ ឱ្យបានគង់វង្សជានិច្ច។



