សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្លបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៃសាលាពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ រាជធានីភ្នំពេញ។

ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សាគណៈមហានិកាយនិងជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ បាននិមន្តជាព្រះអធិបតី ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហា សុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជា ណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្នុងពិធីបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៃពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ រាជធានីភ្នំពេញ។កម្មវិធីដែលក៏មានវត្តមាន

លោកជំទាវឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ឯកឧត្តម លោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ មហាឧបាសក មហាឧបាសិកា គណៈ គ្រប់គ្រង បុគ្គលិកសិក្សា គណៈកម្មការ អាចារ្យនិងពុទ្ធបរិស័ទ។

រំលេកថាសមិទ្ធផលនានាពុទ្ធិកវិទ្យាល័យជម្ពូវ័ន សែនជ័យ ដែលមានគាំទ្រនិងដឹកនាំពី ព្រះសុមេធវង្ស អឿ សំអាន ព្រះអនុគណខណ្ឌ និង មាន សម្តេចចៅហ្វាវាំង វរៈវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អតីតឧបនាយកដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានជួយជ្រោមជ្រែងក្នុងការកសាងសាលាពុទ្ធិក តាំងពីកម្រិត ពុទ្ធិកអនុវិទ្យាល័យ រហូតមកដល់ពុទ្ធិកវិទ្យាល័យសព្វថ្ងៃ។ ជាក់ស្តែង លោកជំទាវឧកញ៉ា បានជួយឧបត្ថម្ភជាហូរហែរ តរៀងមក ជាបច្ច័យ សិក្ខុបករណ៍ ប្រចាំឆ្នាំសិក្សានីមួយៗ ធ្វើឱ្យសាលាមានលទ្ធភាពក្នុងការជំរុញការសិក្សា សម្រាប់ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ប្រកបដោយជោគជ័យ។

ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះនាយកពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ បានសង្ឃដីការជារបាយការណ៏អោយដឹងថា សាលាបានត្រៀមលក្ខណៈសម្រាប់ឆ្នាំសិក្សាថ្មី មាន

សមណសិស្ស-សិស្ស ទាំងពីរកម្រិត សរុបចំនួន ៤៣១អង្គ ក្នុងនោះ កម្រិតមធ្យមសិក្សាបឋមភូមិ មានចំនួន ២៦៦អង្គ ចែកចេញជា ៦ បន្ទប់ និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មានសមណសិស្ស/សិស្ស សរុបចំនួន ១៦៥ អង្គ ចែកចេញជា ៤ បន្ទប់ កើនឡើង១បន្ទប់។ចំពោះគ្រូពុទ្ធិកសិក្សាទាំងពីរកម្រិត សរុបចំនួន ៥៣អង្គ/នាក់។ គ្រូក្របខណ្ឌ ចំនួន ៨ នាក់។ គ្រូបង្រៀនកម្រៃប្រាក់ម៉ោង ចំនួន ៤៥ អង្គ/នាក់។ មន្ត្រីបម្រើការនៅក្នុងសាលា ចំនួន ១៧ អង្គ/នាក់។ ពុទ្ធិកវិទ្យាល័យមានមោតនភាពក្រៃលែងបំផុតកន្លងមកមានការជួយឧបត្ថម្ភគាំទ្រលើកទឹកពីសម្តេចព្រះសង្ឃនាយក សម្តេចនាយករង ពីព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ តាមបណ្តាវត្តនានាក្នុងខណ្ឌ គណៈទ្រទ្រង់សាលា អាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅ ប្រទេសធ្វើឱ្យយើងមានលទ្ធភាពបន្ថែមទៀត ក្នុងការជំរុញវិស័យពុទ្ធិកសិក្សាមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។ជាពិសេសមានការយកចិត្តទុកដាក់ពីខណ្ឌពោធិ៍សែនជ័យ ជាអាជ្ញាធរមូលដ្ឋានបានជួយឧបត្ថម្ភទំនុកបំរុងជាថវិកា អង្ករគ្រឿងបរិក្ខារជាច្រើនទៀត និងជួយសម្រួសផ្នែកសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ សម្រាប់គ្រប់កម្មវិធីបុណ្យផ្សេងៗក្នុង វត្តជម្ពូវ័នរបស់យើង ក៏ដូចក្នុងខណ្ឌពោធិ៍សែនជ័យទាំងមូលផងដែរ។

សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្លមានសង្ឃដីកាលើកពីគុណបំណាច់ចំពោះព្រះរាជសកម្មភាពកន្លងមក ដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចមានព្រះរាជហឫទ័យអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុតក្នុងការប្រោសប្រទាននូវថវិកា គ្រឿងបរិក្ខារ និងសម្ភារៈការិយាល័យ ដើម្បីជួយទ្រទ្រង់ពុទ្ធិកវិទ្យាល័យ ទូលទាំងប្រទេស។សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល មានព្រះសង្ឃដីការបន្តថាក្នុងនាមជាពុទ្ធសាសនិក យើងទាំងអស់គ្នានៅតែចងចាំនូវធុរៈពីរជាសំខាន់ ដែលព្រះសម្មាសម្ពុទ្ធ បរមគ្រូបានដាក់ចេញ គឺគន្ថធុរៈ និងវិបស្សនាធុរៈ ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងវិស័យព្រះពុទ្ធសាសនា។ ចំពោះផ្នែកគន្ធធុរៈ ជាបន្តបន្ទាប់ ទាំងគណៈនាយក ព្រះសង្ឃ អាចារ្យគណៈកម្មការ ក៏ដូចជាពុទ្ធ បរិស័ទ នៅតែចងចាំក្នុងដួងចិត្ត នៃការរៀបចំចាប់ផ្តើមពង្រឹងវិស័យពុទ្ធិកសិក្សា។

សារៈសំខាន់នៃតួនាទីរបស់សាលាពុទ្ធិកសិក្សានៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលសាលាពុទ្ធិកសិក្សាគ្រប់កម្រិតបានរួមចំណែកដ៏សំខាន់នៅក្នុងការកសាងធនធានមនុស្ស ទាំងព្រះសង្ឃ ទាំងគ្រហស្ថបានជាបន្តបន្ទាប់ ដែលធនធានទាំងនោះកំពុងចូលរួមយ៉ាងសកម្មក្នុងការបំរើដល់ការរីកចម្រើនរបស់ព្រះពុទ្ធសាសនានៅកម្ពុជា។

ចុងបញ្ចប់សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល និមន្តក្នុងពិធីបើកបវេសនកាល និងជួយឧបត្ថម្ភអង្ករ ២តោន និងបច្ច័យ ៥លានរៀល ក្រដាសរ៉ាម និងសម្ភារៈការិយាល័យ សម្រាប់ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យនិង មានលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល បានជួយឧបត្ថម្ភជាហូរហែរ តរៀងមក ជាបច្ច័យ សិក្ខុបករណ៍ ប្រចាំឆ្នាំសិក្សានីមួយៗ ធ្វើឱ្យសាលាភាពរឹងមាំផងដែរ។