ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត និងសម្ពោធអគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី និងកាត់ខ្សែបូរសម្ពោធអគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តមណ្ឌលគិរី រួមទាំងថ្នាក់ដឹកនាំជាសមាជិក សមាជិកាគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេស ក៏ដូចជានៅក្នុងខេត្តមណ្ឌលគិរី តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគាំពារនានា។ ឯកឧត្តម បន្ថែមថា បច្ចុប្បន្ននេះ (គិតត្រឹមខែមេសា ឆ្នាំ២០២៦) អតីតយុទ្ធជននៅក្នុងខេត្តមណ្ឌលគិរី មានសរុបចំនួន ៤៩៣ នាក់ ក្នុងនោះសមាជិកសមាគម (អ.ន.ក) មានចំនួន ៣២៧ នាក់ ដែលរួមមាន៖និវត្តជន៖ ២៦៨ នាក់ (អ្នកក្នុងបន្ទុក ២៩៩ នាក់) ជនពិការ៖ ៣១ នាក់ (អ្នកក្នុងបន្ទុក ៣៧ នាក់) គ្រួសារជនពលី៖ ១៦ នាក់ (អ្នកក្នុងបន្ទុក ៣១ នាក់) គ្រួសារជនមរណៈ៖ ០៩ នាក់ (អ្នកក្នុងបន្ទុក ១៦ នាក់) ជនបាត់បង់សមត្ថភាពការងារ៖ ០៣ នាក់ (អ្នកក្នុងបន្ទុក ០៥ នាក់)។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តមណ្ឌលគិរីគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ពិសេស គឺការលេចចេញជា រូបរាងឡើងនូវអគារទីស្នាក់ការដ៏ថ្មីស្រឡាងនាពេលនេះ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំដល់គណៈកម្មាធិការសមាគមខេត្ត ត្រូវរៀបចំចាត់តាំងរចនាសម្ព័ន្ធការងារឱ្យបានច្បាស់លាស់ ដោយត្រូវចាត់ឱ្យមានសមាជិកប្រចាំការនៅទីស្នាក់ការថ្មីនេះជាប្រចាំ ដើម្បីងាយស្រួលក្នុងការទទួលស្វាគមន៍ សម្របសម្រួល និងដោះស្រាយរាល់បញ្ហាលំបាកនានា ជូនដល់បងប្អូនសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនរបស់យើងបានទាន់ពេលវេលា។ ឯកឧត្តម បានសង្កត់ធ្ងន់លើការងារគ្រប់គ្រងទិន្នន័យ ដោយត្រូវរៀបចំចងក្រងប្រវត្តិរូបសង្ខេបរបស់សមាជិកម្នាក់ៗឱ្យបានល្អិតល្អន់ ត្រឹមត្រូវ ដើម្បីធានាបាននូវការផ្តល់សេវាគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា អគារសមាគមអតីតយុទ្ធជន និងនិវត្តជន នៅខេត្តមណ្ឌលគិរី ដែលត្រូវកាត់ខ្សែបូរសម្ពោធអគារនាពេលនេះ មានទំហំ១២ម៉ែត្រ គុណនឹង ១៤,៧៦ម៉ែត្រ សរុបសាងសង់ចំណាយអស់ ៣១.០០០ដុល្លារអាមេរិក (បីម៉ឺនមួយពាន់ដុល្លារ)៕