សភាពាណិជ្ជកម្មឥណ្ឌាប្រកាសបើក “ពិព័រណ៍ការងារ IBCC ២០២៦” ដើម្បីពង្រឹងកម្លាំងពលកម្មជំនាញ និងផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ឥណ្ឌា

​សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC) បានរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍ការងារ IBCC ២០២៦” ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ក្នុងគោលបំណងបង្កើនឱកាសការងារសម្រាប់យុវជន និងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun&Moon Riverside ។

ការផ្សារភ្ជាប់វិស័យឯកជន និងទីផ្សារការងារ
​ក្នុងពិធីបើកព្រឹត្តិការណ៍នេះ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរដល់ IBCC ចំពោះគំនិតផ្តួចផ្តើមដែលមិនត្រឹមតែជួយអ្នកស្វែងរកការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការជឿជាក់របស់វិនិយោគិនឥណ្ឌាលើបរិយាកាសធុរកិច្ចនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា៖
​វិស័យអាទិភាព៖ ក្រុមហ៊ុនឥណ្ឌាភាគច្រើនមានវត្តមានក្នុងវិស័យឱសថ និងវេជ្ជសាស្ត្រ ដែលជួយឱ្យកម្ពុជាទទួលបានឱសថដែលមានគុណភាព និងតម្លៃសមរម្យ។

​នៅក្នុងឱកាសនោះ សម្រាប់ចក្ខុវិស័យ និងឱកាសការងារដល់យុវជន ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ថា ពិព័រណ៍នេះគឺជាវេទិកាដ៏សំខាន់សម្រាប់យុវជនកម្ពុជាក្នុងការកសាងអនាគត។ ក្រុមហ៊ុនឥណ្ឌាដែលចូលរួម រួមមានទាំងវិស័យឱសថ និងបច្ចេកវិទ្យា ដែលសុទ្ធតែជាក្រុមហ៊ុនមានបច្ចេកវិទ្យាឈានមុខ និងបទពិសោធន៍សកល។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ៖ តាមរយៈកម្មវិធី ITEC មានអតីតនិស្សិតកម្ពុជាជាង ១,៤០០ នាក់បានទទួលការបណ្តុះបណ្តាលនៅឥណ្ឌា ហើយបច្ចុប្បន្នកំពុងផ្តល់អាហារូបករណ៍ជាង ៤០ កន្លែងបន្ថែមទៀត ។

ឥណ្ឌាកំពុងបង្កើនកិច្ចសហការលើវិស័យបច្ចេកវិទ្យា IT និងការការពារជាតិជាមួយកម្ពុជា។ ឯកឧត្តម បានលើកឡើង ពីការពង្រឹងទំនាក់ទំនងទ្វេភាគី២០២៦-២០២៧ និងបានរំលឹកពីទំនាក់ទំនងការទូតដ៏យូរអង្វែងតាំងពីឆ្នាំ ១៩៥២ និងមហាវិថីនេរុ (Nehru Boulevard) ដែលជានិមិត្តរូបនៃមិត្តភាព។ សម្រាប់ឆ្នាំ ២០២៦ និង ២០២៧ ខាងមុខ ប្រទេសទាំងពីររំពឹងថា
​វិស័យទេសចរណ៍ នឹងមានការផ្លាស់ប្តូរប្រជាជនកាន់តែច្រើន តាមរយៈការផ្សព្វផ្សាយតំបន់ទេសចរណ៍ទៅវិញទៅមក។

បច្ចុប្បន្នមានជើងហោះហើរត្រង់ប្រមាណ ១០ ជើងក្នុងមួយសប្តាហ៍ រវាងទីក្រុងចំនួន ៤ របស់ឥណ្ឌាមកកម្ពុជា និងមានគម្រោងពង្រីកបន្ថែម។

“ពិព័រណ៍ការងារនេះ មិនមែនត្រឹមតែជាកន្លែងជ្រើសរើសបុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្ពានចម្លងយុវជនកម្ពុជាទៅកាន់ពិភពការងារដែលមានជំនាញ និងឌីជីថលកាន់តែខ្លាំង”។