នាវាទេសចរណ៍ដែលរងផលប៉ះពាល់ពីករណីផ្ទុះឡើងនៃមេរោគប្រភេទថ្មី Hantavirus បានចាកចេញពីដែនទឹក Cape Verde ទៅកាន់កោះ Canary ហើយ……

នាវាទេសចរណ៍ដែលរងនូវករណីផ្ទុះឡើងនៃមេរោគថ្មី Hantavirus ដ៏សាហាវបានចាកចេញពី Praia នៃឆ្នេរសមុទ្រ Cape Verde ហើយជាមួយនឹងអ្នកដំណើរ និងនាវិកជិត ១៥០នាក់នៅលើតួនាវា ដោយបន្តដំណើររបស់ខ្លួនឆ្ពោះទៅកាន់កោះ Canary របស់ប្រទេសអេស្ប៉ាញ ខណៈដែលអាជ្ញាធរសុខាភិបាលបានប្រញាប់ប្រញាល់ទប់ស្កាត់ស្ថានភាពនៃការរាលដាលនៃជំងឺមួយនេះ។ យោងតាមអង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថាមានអ្នកជំងឺពីរនាក់ដែលឆ្លងមេរោគ Hantavirus និងមានករណីសង្ស័យជនឆ្លងទី៣ត្រូវបានជម្លៀសចេញពីនាវាដែរ ហើយបានហោះហើរនាំរូបគេទៅកាន់ប្រទេសហូឡង់ដើម្បីព្យាបាលបន្ទាន់។ ករណីផ្ទុះឡើងថ្មីនេះបានធ្វើឱ្យមនុស្ស៣នាក់ស្លាប់ ដោយសពមនុស្សម្នាក់ស្ថិតនៅតែនាវានៅឡើយ។ ក្នុងចំណោមករណីដែលបានកត់ត្រានោះមានចំនួន៨ ដោយករណីចំនួន៥ត្រូវបានបញ្ជាក់តាមរយៈការធ្វើតេស្តពីមន្ទីរពិសោធន៍។ រូពភាពវីដេអូបានបង្ហាញពីបុគ្គលិកសុខាភិបាលដែលបានបំពាក់ឧបករណ៍ការពារ បានយកអ្នកដំណើរ៣នាក់នោះចេញ រួមទាំងវេជ្ជបណ្ឌិតជនជាតិអង់គ្លេសរបស់នាវាដែរ ក៏បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែក្រោយមកបានធូរស្រាលវិញ។ យន្តហឡសង្គ្រោះបន្ទាន់តាមអាកាសបានដឹកជញ្ជូនអ្នកជំងឺទៅកាន់ទីក្រុង Amsterdam នាពេលក្រោយ។ ក្រសួងការបរទេសហូឡង់បាននិយាយថា អ្នកដំណើរដែលត្រូវបានគេជម្លៀសចេញនោះរួមមានជនជាតិហូឡង់អាយុ ៤១ឆ្នាំ ជនជាតិអង់គ្លេសអាយុ ៥៦ ឆ្នាំ និងជនជាតិអាល្លឺម៉ង់អាយុ ៦៥ឆ្នាំ ដែលពួកគេទាំងអស់កំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យឯកទេសមួយនៅតំបន់អឺរ៉ុប។ មនុស្ស២នាក់ នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលម្នាក់ទៀតមិនមានរោគសញ្ញាអ្វីនោះទេ ប៉ុន្តែគេបានប៉ះពាល់យ៉ាងជិតស្និទ្ធជាមួយអ្នកដំណើរដែលបានស្លាប់នៅលើកប៉ាល់នោះ។ សូមបញ្ជាក់ថាវីរុស Hantavirus ជាធម្មតាវារីករាលដាលតាមរយៈការប៉ះពាល់ជាមួយលាមកសត្វកណ្ដុរ ទោះបីជាការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់មានកម្រិតក៏ដោយ។ ប៉ុន្តែមន្ត្រី WHO និយាយថា ហានិភ័យដល់សាធារណជននៅមានកម្រិតទាប។ អាជ្ញាធរនៅអឺរ៉ុប និងតំបន់អាហ្វ្រិកកំពុងតាមដានទំនាក់ទំនងជាមួយនឹងអ្នកដំណើរដែលបានចុះពីកប៉ាល់មុននេះក្នុងដំណើរកម្សាន្តរបស់ពួកគេ ដែលចាប់ផ្តើមកាលពីថ្ងៃទី១ខែមេសា នៅអាមេរិកខាងត្បូង និងរួមបញ្ចូលទាំងការឈប់សំចតនៅអង់តាក់ទិក និងកោះអាត្លង់ទិកដាច់ស្រយាលដែរ។ ក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលថាតើគូស្វាមីភរិយាជនជាតិហូឡង់មួយគូ អាចបានឆ្លងវីរុសនេះដែរឬទេ? ដែលពួកគេបានឈប់នៅភាគខាងត្បូងប្រទេសអាហ្សង់ទីនមុនពេលឡើងយន្តហោះ ដោយសារមានធ្លាប់ប៉ះពាល់នឹងសត្វកណ្ដុរទៅកាន់កន្លែងចាក់សំរាម។ អ្នកដំណើរ និងនាវិកដែលនៅតែនៅលើកប៉ាល់នៅតែគ្មានរោគសញ្ញាបញ្ចេញនៅឡើយ ប៉ុន្តែពួកគេត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក ពីក្នុងកាប៊ីនរបស់ពួកគេ ខណៈដែលកប៉ាល់កំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Canary ជាកន្លែងដែលមន្ត្រីនិយាយថា ការមកដល់របស់វានឹងមិនបង្កហានិភ័យដល់សាធារណជននោះទេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ