សន្ទស្សន៍ភាគហ៊ុនអាស៊ីកើនឡើង តែតម្លៃប្រេងឆៅនៅតែខ្ពស់ជាង១០០ដុល្លារក្នុង១បារ៉ែល! ដោយសារក្តីសង្ឃឹមថ្មីនៃកិច្ចព្រមព្រៀងរវាងអាម៉េរិកនិងអ៊ីរ៉ង់ចំពោះការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ភាគហ៊ុនអាស៊ីបានកើនឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ ដោយ Nikkei 225 របស់ទីក្រុងតូក្យូបានកើនឡើងចំនួន ៥.៧% ខណៈដែលវិនិយោគិនរង់ចាំមើលថាតើសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងឈានដល់កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យនាវាដឹកជញ្ជូនប្រេងឆៅពីឈូងសមុទ្រពែរ្សម្តងទៀតបានឬអត់។ ថ្ងៃនេះដែរសន្ទស្សន៍ Nikkei 225 របស់ប្រទេសជប៉ុនបានកើនឡើង ៣.៤០២ពិន្ទុ ខណៈដែលទីផ្សារនៅទីក្រុងតូក្យូបានបើកឡើងវិញបន្ទាប់ពីថ្ងៃឈប់សម្រាក ឬ “សប្តាហ៍មាស”។ ភាគហ៊ុន Nikkei បានកើនឡើងប្រហែល ១៨% ក្នុងរយៈពេលបីខែកន្លងមកនេះ និងជិត ៧៣% ក្នុងឆ្នាំកន្លងមក ដែលជំរុញឱ្យវាកើនឡើងខ្ពស់ដោយការទិញភាគហ៊ុនទំហំបច្ចេកវិទ្យាជាច្រើន ដែលទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននៃបញ្ញាសិប្បនិម្មិត AI ផងដែរ។ ទន្ទឹមនឹងនេះដែរ Taiex (តៃអ៊ិច) របស់តៃវ៉ាន់វិញបានកើនឡើង ២.១%។ កាលពីថ្ងៃពុធម្សិលមិញ ទីផ្សារបានកើនឡើងទូទាំងពិភពលោក បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បាននិយាយថា ច្រកសមុទ្រ Hormuz អាច “បើកឡើងវិញសម្រាប់ទាំងអស់គ្នា” ប្រសិនបើអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀង ប៉ុន្តែលោកប្រធានាធិបតីសហរដ្ឋអាមេរិកមិនបានរៀបរាប់លម្អិតនោះទេ។ តម្លៃប្រេងបានធ្លាក់ចុះជិត ៨% ខណៈដែលស្ថាប័ន S&P 500 បានកើនឡើង ១,៥% ចាត់ទុកថាជាថ្ងៃល្អបំផុតរបស់ខ្លួនក្នុងរយៈពេលជិតមួយខែមកនេះ ដោយបានបង្កើតកំណត់ត្រាថ្មីមួយ។ សន្ទស្សន៍ឧស្សាហកម្ម Dow Jones វិញបានកើនឡើង ១,២% និងសន្ទស្សន៍ Nasdaq បានកើនឡើង ២%។ អ្វីដែលកាន់តែពិសេសនាព្រឹកថ្ងៃព្រហស្បតិ៍នេះការជួញដូរដំបូងនៅអាស៊ីតម្លៃប្រេងឆៅ Brent បានកើនឡើង ៥១ សេន មានតម្លៃដល់ ១០១ដុល្លារ ៧៨សេន ក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅស្តង់ដាររបស់សហរដ្ឋអាមេរិកបានកើនឡើង ៥៥ សេន ក្នុងតម្លៃ ៩៥ដុល្លារ ៦៣សេនក្នុងមួយបារ៉ែល។ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃពុធនេះ ហើយទីផ្សារភាគហ៊ុនបានកើនឡើងទូទាំងពិភពលោក ដោយសារក្តីសង្ឃឹមថ្មីថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងខិតជិតដល់កិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យកប៉ាល់ដឹកជញ្ជូនប្រេងឆៅអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើងវិញជាធម្មតា៕

សម្រួលអត្ថបទ៖ សុផារិន្ទ