ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ ជូនគ្រួសារលោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដែលកំពុងសង្គ្រោះបន្ទាន់នៅទីក្រុងហូជីមិញ
ហូជីមិញ វៀតណាម ៖ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ដោយឈរលើស្មារតីសាមគ្គីភាព «មិនទុកឱ្យមន្ត្រីនគរបាលណាម្នាក់ ឱ្យនៅឯកោក្នុងគ្រាលំបាក»កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំគណៈប្រតិភូនាយនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនក្រុមគ្រួសារ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនគរបាលស្រុកស្ទឹងត្រង់ ដែលកំពុងសម្រាកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
គួរបញ្ជាក់ថា លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលកំពុងចុះប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងយ៉ាងសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន កាលពីពេលថ្មីៗនេះ។
ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យអំពីស្ថានភាពរបួស និងការព្យាបាលរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដែលកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីព្រួយបារម្ភ និងការលើកទឹកចិត្តពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំទាំងអស់ ជូនដល់ក្រុមគ្រួសារ ដោយសង្ឃឹមយ៉ាងមុតមាំថា លោកវរសេនីយ៍ទោ នឹងអាចឆាប់បានជាសះស្បើយវិលត្រឡប់មកវិញ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍កោតសរសើរយ៉ាងក្រៃលែងចំពោះការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីនគរបាលរូបនេះ។ ឯកឧត្តម បានបញ្ជាក់យ៉ាងច្បាស់ថា៖ ការចុះបំពេញភារកិច្ចបង្ក្រាបក្មេងទំនើងរបស់ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដោយឥតរុញរា រហូតដល់ជួបគ្រោះថ្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ គឺបានសបញ្ជាក់យ៉ាងច្បាស់ថា លោកគឺជាមន្ត្រីនគរបាលជាតិដ៏ឆ្នើមម្នាក់ ដែលមានភាពក្លាហាន មោះមុត និងហ៊ានលះបង់ខ្ពស់បំផុតទាំងកម្លាំងកាយ កម្លាំងចិត្ត សូម្បីតែអាយុជីវិតផ្ទាល់ខ្លួន ដើម្បីបម្រើជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាបាននូវសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋពិតប្រាកដមែន។ វីរភាពដ៏អង់អាចនេះ គឺជាគំរូដ៏ប្រពៃសម្រាប់កងកម្លាំងនគរបាលជាតិយើងទាំងមូល» ។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានប្រគល់ជូននូវថវិកាឧបត្ថម្ភរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិចំនួន២០លានរៀល ជូនដល់តំណាងក្រុមគ្រួសារ ដើម្បីជួយសម្រាលបន្ទុកចំណាយលើតម្រូវការផ្សេងៗ។ តំណាងក្រុមគ្រួសារលោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងមិនបោះបង់មន្ត្រីថ្នាក់ក្រោមក្នុងពេលជួបទុក្ខលំបាកឡើយ៕
បន្ទាប់ពីចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ម៉ាប់ សុផាត រួចមក ឈ្លៀតឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងប្រតិភូ បានបន្តសាកសួរសុខទុក្ខ លោកអនុសេនីយ៍ ធាង ឧត្តម ដែលកំពុងងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាមដែល ។
ឯកឧត្តម ឃឹង សារ៉ាត់ និងប្រតិភូ មានសេចក្តីរីករាយពន់ពេក ក្រោយឃើញការៈរបស់លោកអនុសេនីយ៍ ធាង ឧត្តម មានភាពប្រសើរឡើងជាបន្តបន្ទាប់
ឯកឧត្តម ឃឹង សារ៉ាត់ បានផ្តល់អនុសាសន៍ និងការណែនាំដល់ លោក ធាង ឧត្តម ព្រមទាំងក្រុមគ្រួសារ ឱ្យយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញឱ្យបានខ្ជាប់ខ្ជួន ដើម្បីឆាប់ទទួលបានសុខភាពល្អបរិបូរណ៍ឡើងវិញ។
ឯកឧត្តម ឃឹង សារ៉ាត់ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការអនុវត្តតាមការណែនាំទាំងនេះ លោក ធាង ឧត្តម នឹងឆាប់ជាសះស្បើយ និងអាចវិលត្រឡប់មកកាន់ជីវភាពរស់នៅ ក៏ដូចជាការបំពេញការងារធម្មតាវិញក្នុងពេលឆាប់ៗខាងមុខ។
ឯកឧត្តម ឃឹង សារ៉ាត់ បានប្រគល់ថវិការឧត្តម្ភរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ចំនួន២០លានរៀល ប្រគល់ជូនលោក ធាង ឧត្តម មកជួយឧបត្ថម្ភសម្រាលបន្ទុកចំណាយក្នុងការព្យាបាលផងដែរ។
សូមជម្រាបជូនបន្ថែមថា នេះជាលើកទី៣ហើយសម្រាប់ការអញ្ជើញសួរសុខទុក្ខដល់លោកអនុសេនីយ៍ឯក ធាង ឧត្តម ។



