ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរខួប ១៨ឆ្នាំ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបនិងសម្ពោធកម្មវិធីអន្តរជាតិ Pearson Edexcel របស់ចក្រភពអង់គ្លេសនៅកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ១៨ឆ្នាំ នៃផលជះវិជ្ជមាននិងបរិវត្តកម្មក្នុងវិស័យអប់រំរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃកម្មវិធីអន្តរជាតិ Pearson Edexcel របស់ចក្រភពអង់គ្លេសនៅសាលារៀនវ៉េស្ទឡាញន៍ ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ SUN & MOON Riverside។

នាឱកាសនោះ ឯកឧត្តម ហេង សួរ បានថ្លែងនូវការសាទរចំពោះសមិទ្ធផលរយៈពេល១៨ឆ្នាំ នៃក្រុមហ៊ុន WEG ដែលបានចាប់ផ្តើមពីសាលាមួយរហូតក្លាយជាគ្រឹះស្ថានដែលដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់សេវាអប់រំ និងបណ្តុះបណ្តាលជំនាញដ៏មានគុណភាព ភាពច្នៃប្រឌិត និងទំនើបកម្មដែលចូលរួមធ្វើបរិវត្តកម្មធនធានមនុស្សនៅកម្ពុជា និងជាសក្ខីភាពនៃភាពជាដៃគូរវាងរដ្ឋនិងឯកជន ជាពិសេសភាពជោគជ័យនៃកិច្ចសហការយុទ្ធសាស្ត្រនេះ គឺជាឆ្អឹងខ្នងដ៏មានឥទ្ធិពលក្នុងការបំប្លែងកម្លាំងពលកម្មកម្ពុជាឱ្យទៅជាមូលធនមនុស្សដែលមានជំនាញច្បាស់លាស់ប្រកបដោយភាពធន់និងឧត្តមភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងសកលលោក។ បន្ថែមពីនេះ សាលារៀនវ៉េស្ទឡាញន៍ក៏ជួយកសាងនូវភាពជឿជាក់ទៅដល់អ្នកវិនិយោគក្នុងការទទួលបាននូវធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងបំណិនជីវិតសម្រាប់បម្រើការនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានផ្សេងៗ។

ទន្ទឹមនេះ ការនាំយកកម្មវិធីអន្តរជាតិ Pearson Edexcel ជូនដល់សិស្សកម្ពុជាដែលជាទំពាំងស្នងឫស្សីគឺពិតជាមានតម្លៃយ៉ាងធំធេងនៅក្នុងការរួមចំណែកជាមួយនឹងក្រសួងក៏ដូចជាស្ថាប័នផ្តល់ការបណ្តុះបណ្តាលដទៃទៀតក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យស្របតាមតម្រូវការទីផ្សារ។ លើសពីនេះ វត្តមាននៃកម្មវិធីដែលត្រូវបានទទួលស្គាល់ជាង ១០០ប្រទេសនៅជុំវិញពិភពលោកនេះ ក៏ជាការបោះជំហានប្រកបដោយយុទ្ធសាស្ត្រដើម្បីធានាថា យុវជនកម្ពុជាទទួលបានការបំពាក់នូវសមត្ថភាព ជំនាញ និងគុណវុឌ្ឍិជាលក្ខណៈជាសកលដែលជាការកសាងមូលធនមនុស្ស និងជាស្ពានសម្រាប់តភ្ជាប់សក្តានុពលយុវជនកម្ពុជាទៅកាន់ឆាកអន្តរជាតិ ហើយដៃគូទាំង១៨ នៃ WEG ក៏នឹងទទួលផលជះវិជ្ជមានពីកម្មវិធីនេះដែរ។ ឯកឧត្តមក៏បានសរសើរពីភាពច្នៃប្រឌិតរបស់ WEG ដែលប្រែក្លាយជាគ្រឹះស្ថានមួយដែលរួមចំណែកជួយដល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសតាមរយៈកិច្ចសហការជាមួយក្រសួងដែលជាផ្លែផ្កាមួយ នៃការអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះវឌ្ឍនភាពនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) ដែលកំពុងរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាធនធានមនុស្សនៅកម្ពុជា ដែលឆ្លើយតបទៅនឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សជាចម្បង។ ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា ការនាំយកកម្មវិធី Pearson Edexcel មកអនុវត្តនៅកម្ពុជានាពេលនេះ គឺជាការបំពេញតម្រូវការរបស់មាតាបិតា ក៏ដូចជាអាណាព្យាបាលដែលកំពុងតែចង់បានគុណភាពនៃការអប់រំ ជាពិសេសតាមរយៈកម្មវិធីសិក្សាដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិបែបនេះ។

ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិនៃ WEG បានបង្ហាញពីការវិវត្តនិងសមិទ្ធផលផ្លែផ្កានៃផលជះវិជ្ជមាននិងបរិវត្តកម្មក្នុងវិស័យអប់រំនៃ WEG ជាពិសេសគឺការកសាងធនធានមនុស្សរាប់ម៉ឺននាក់ឱ្យក្លាយជាអ្នកដឹកនាំ អ្នកគ្រប់គ្រង និងអ្នកជំនាញដែលមានសមត្ថភាព ចំណេះដឹង ជំនាញ និងមានសីលធម៌ល្អ ដែលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជា។ លោកក៏បញ្ជាក់ដែរថា ការដាក់បញ្ចូលកម្មវិធី Pearson Edexcel ទៅក្នុងបណ្តាញសាលារៀនវ៉េស្ទឡាញន៍ គឺដើម្បីផ្តល់ជូនសិស្សានុសិស្សនូវគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់ជាសកល និងអាចបើកទ្វារឱ្យពួកគាត់បន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍នានា។

លោកស្រី Abigail Fryer អនុប្រធានបេសកកម្មការទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាបានលើកឡើងថា សមទ្ធិផលនាថ្ងៃនេះបង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា-ចក្រភពអង់គ្លេស។ លោកស្រីបញ្ជាក់ថា ការបើកដំណើរការផ្លូវការនៃកម្មវិធីនេះគឺជាចំណុចសំខាន់មួយក្នុងការពង្រីកឱកាសទទួលបានការអប់រំដែលទទួលស្គាល់ជាសកលនៅកម្ពុជា។ កិច្ចសហការនេះក៏បង្ហាញពីទំនាក់ទំនងវិស័យអប់រំដែលកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ក្នុងបំណងផ្តល់ជូនសិស្សនូវជំនាញគិតវិភាគ ភាពច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ៕