ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ “ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន” ប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនមកពីបណ្តាឃុំនានា សរុបប្រមាណ ៦៤៦ នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងពីគោលបំណងសំខាន់ៗ រួមមាន៖
-ការពង្រឹងសាមគ្គីភាព៖ ការបង្កើតឱ្យមានការប្រកួតកីឡានេះឡើង គឺដើម្បីជំរុញឱ្យយុវជនមានស្មារតីសាមគ្គីភាព ភាតរភាព និងបង្កើនភាពស្និទ្ធស្នាលរវាងយុវជននៅក្នុងមូលដ្ឋាន។
-កីឡានាំមកនូវសុខភាព និងមិត្តភាព៖ កីឡាមិនត្រឹមតែផ្តល់នូវសុខភាពមាំមួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងនៃមិត្តភាព និងការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងស្មារតី “កីឡារស់ក្នុងសន្តិភាព”។
-តួនាទីយុវជនក្នុងសង្គម៖ ឯកឧត្តមបណ្ឌិតបានរំលឹកដល់យុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ ត្រូវបន្តខិតខំអភិវឌ្ឍសមត្ថភាព និងរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ស្ថិរភាពសង្គម និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ នៅតែបន្តបោះ ជំហានទៅមុខយ៉ាងរឹងមាំ ដែលទាមទារឱ្យយុវជន ទាំងអស់ជឿជាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារ និងស្ថាបនាជាតិមាតុភូមិឱ្យកាន់តែរីកចម្រើនរុងរឿង៕



