ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញបើកសិក្ខាសាលាប្រចាំខែស្ដីពី “Policy Analysis in the AI Era” ដែលបានឧទ្ទេសនាមដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ)
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញបើកសិក្ខាសាលាប្រចាំខែស្តីពី “Policy Analysis in the AI Era” ដែលបានឧទ្ទេសនាមដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង, សមាជិកក្រុមការងារស្រាវជ្រាវ និងបុគ្គលិករបស់ធនាគារ ARDB ព្រមទាំងអ្នកស្រាវជ្រាវ, សាស្ដ្រាចារ្យ, និងនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានពាក់ព័ន្ធ សរុបចំនួន ២១០ រូប។
សិក្ខាសាលានេះ ជាសិក្ខាសាលាប្រចាំខែទី១ ដែលត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌនៃមជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល ក្នុងគោល បំណងចែករំលែកចំណេះដឹងទាក់ទិននឹងតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការស្រាវជ្រាវ ក្នុងន័យរួមចំណែកបង្កើតជាមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកប ដោយការទទួលខុសត្រូវ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងដើម្បីបង្កើតជាវេទិកាសម្រាប់ការផ្លាស់ប្ដូរចំណេះដឹង, បទពិសោធ, និងទំនាក់ទំនង រវាងអ្នកស្រាវជ្រាវ, សាស្ដ្រាចារ្យ, និងនិស្សិត មកពីស្ថាប័ន និងសាកលវិទ្យាល័យពាក់ព័ន្ធ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ពីសមិទ្ធផលដែលមជ្ឈមណ្ឌលស្រាវជ្រាវរបស់ធនាគារ ARDB សម្រេចបានចាប់តាំងពីការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមេសា ឆ្នាំ២០២៥ មក ដោយក្នុងនោះមជ្ឈមណ្ឌលបានចេញផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ រួមមានរបាយការណ៍ស្ដីពី(1) MSMEs Development in Cambodia: An Analysis through the Lens of the Developmental State; (2) The Role Development Finance Institutions in Supporting Agricultural Cooperative in Cambodia: A Comparative Study and the Case of Agricultural and Rural Development Bank និង (3) Linkages between Green Finance and Cambodia’s SDGs: The Contribution of ARDB។
ឯកឧត្តមក៏បានគូសបញ្ជាក់ពីតួនាទី និងសារៈសំខាន់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងការគាំទ្រដល់ការបំពេញការងារនៅស្ទើរគ្រប់វិស័យ ជាពិសេសសម្រាប់កិច្ចការស្រាវជ្រាវ ដែលបច្ចេកវិទ្យានេះនឹងគាំទ្រដល់ការបំពេញការងារឱ្យទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ និងឆាប់រហ័ស។ ម្យ៉ាងវិញទៀត ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ពីហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលតម្រូវឱ្យមានការប្រើប្រាស់បច្ចេកវិទ្យានេះដោយមានការប្រុងប្រយ័ត្នខ្ពស់ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងបរិបទនានា។
សិក្ខាសាលានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB៕



