កងទ័ពអ៊ីស្រាអែលបញ្ចេញ VDO បំផ្លាញផ្លូវរូងក្រោមដីរបស់ក្រុម Hezbollah នៅលីបង់! ខណៈលោក Netanyahu ចេញមកអួតបន្ថែមពីយន្តហោះ F-35 និង F-15IA ចំណាយថវិកាសរុប១១៩ប៊ីលានដុល្លារអាម៉េរិក

ោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបំផ្លាញ “ផ្លូវរូងក្រោមដីប្រវែងប្រហែល៨០ម៉ែត្រ នៅភាគខាងត្បូងប្រទេសលីបង់។ តាមរយៈរូបភាពវីដេអូដែលចេញផ្សាយដោយយោធាកាលពីថ្ងៃអាទិត្យ ពិតជាបានបង្ហាញពីសំឡេងផ្ទុះជាច្រើនដង និងនៅពេលដែលផ្លូវរូងក្រោមដីត្រូវបានរង្គោះរង្កើ។ នៅក្នុងតំបន់ផ្សេងទៀតនៃភាគខាងត្បូងប្រទេសលីបង់ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការវាយប្រហាររបស់ក្រុម Hezbollah នៅតែបន្ត។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានវាយកម្ទេចសង្កាត់នានានៅក្នុងទីក្រុង និងភូមិនានានៅជិតព្រំដែនលីបង់-អ៊ីស្រាអែលដែរ។ យោធានិយាយថា ខ្លួនបានបំផ្លាញអគារដែលត្រូវបានគេប្រើប្រាស់ជាប៉ុស្តិ៍ត្រួតពិនិត្យដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់។ សង្គ្រាមចុងក្រោយបំផុតរវាងអ៊ីស្រាអែល និង Hezbollah បានចាប់ផ្តើមកាលពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុម Hezbollah បានបាញ់រ៉ុក្កែតចូលទៅភាគខាងជើងប្រទេសអ៊ីស្រាអែល និងពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកសង្គ្រាមលើអ្នកគាំទ្រសំខាន់របស់អ៊ីរ៉ង់ដែរ។ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានមានប្រសាសន៍ថា «អ៊ីស្រាអែលកាន់តែរឹងមាំជាងពេលណាៗទាំងអស់» ដោយលោកប្រកាសពីការវិនិយោគយោធាចុងក្រោយបង្អស់របស់ប្រទេស ដោយបញ្ជាក់ថា អ៊ីស្រាអែលកំពុងទទួលបាន «កងអនុសេនាធំយន្តហោះទំនើបពីរគ្រឿង៖ F-35 និង F-15IA» ហើយអ្នកបើកយន្តហោះរបស់ខ្លួន «អាចទៅដល់គ្រប់ទីកន្លែងនៅលើមេឃនៃផ្ទៃប្រទេសអ៊ីរ៉ង់ ហើយពួកគេត្រៀមខ្លួនរួចរាល់ហើយដើម្បីចាត់ការ ប្រសិនបើមានភាពចាំបាច់»។ លោកបានបន្តថា អ៊ីស្រាអែល «នឹងបន្ថែមថវិកាការពារជាតិចំនួន ៣៥០ ពាន់លានសេកែល ស្មើនឹង ១១៩ ប៊ីលានដុល្លារអាម៉េរិក ហើយទាំងនេះគឺធ្វើឡើងដើម្បីផលិតអាវុធក្នុងប្រទេសអ៊ីស្រាអែល និងមិនចាំបាច់ពឹងផ្អែកលើបរទេសនោះទេ»។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបន្តវាយប្រហារតាមដែនអាកាសរាប់រយដង និងបានបើកការឈ្លានពានដីគោកនៅភាគខាងត្បូងប្រទេសលីបង់ ដោយដណ្តើមយកទីក្រុង និងភូមិរាប់សិបកន្លែងនៅតាមបណ្តោយព្រំដែន។ ហើយចាប់តាំងពីពេលនោះមកដែរ ប្រទេសលីបង់ និងអ៊ីស្រាអែល បានធ្វើកិច្ចចរចាដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេលជាងបីទសវត្សរ៍។ ប្រទេសទាំងពីរបានស្ថិតក្នុងស្ថានភាពសង្គ្រាមជាផ្លូវការចាប់តាំងពីការបង្កើតរដ្ឋអ៊ីស្រាអែលក្នុងឆ្នាំ ១៩៤៨ ។ បទឈប់បាញ់រយៈពេល ១០ថ្ងៃ បានប្រកាសនៅទីក្រុងវ៉ាស៊ីនតោនចូលជាធរមាននៅថ្ងៃទី ១៧ខែមេសា។ ហើយបទឈប់បាញ់នេះបានបន្តរយៈពេលបីសប្តាហ៍ក្រោយមកទៀត ប៉ុន្តែការប្រយុទ្ធរបស់ពួកគេនៅតែដដែលទៅវិញ៕

សម្រួលអត្ថបទ៖ សុផារិន្ទ