ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្តល់សុពលភាពល់ផែនទីបង្ហាញផ្លូវចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃចន្ទទី៤ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញធ្វើជាអធិបតីក្នុងសិក្ខាសាលាផ្តល់សុពលភាពលើ ផែនទីបង្ហាញផ្លូវចីរភាពនៃកម្មវិធីអេដស៍(២០២៦-២០២៩)នៅសណ្ឋាគារ សាន់វ៉េ ។

មានប្រសាសន៍បើកសិក្ខាសាលាឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងថា ដំណើរឆ្ពោះទៅរកចីរភាពរបស់យើងបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ហើយថ្ងៃនេះ យើងបានមកដល់ចំណុចរបត់ដ៏សំខាន់មួយក្នុងការធានានូវការឆ្លើយតបដែលបានធ្វើឱ្យកម្ពុជាក្លាយជា អ្នកដឹកនាំសកលក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ក្នុងនោះ សមិទ្ធផលរួមគ្នារបស់យើង គឺជាសក្ខីភាពនៃការព្យាយាមដែលសម្រេចបានរួមមាន៖
ការកាត់បន្ថយការឆ្លងថ្មីរហូតដល់៤៥%។
អត្រាបង្ក្រាបមេរោគ(Viral suppression) ដែលបច្ចុប្បន្ននេះមានលើសពី៩៨%។
កម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចបានគោលដៅ៩៥-៩៥-៩៥ មុនកាលកំណត់។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីជម្នះបញ្ហាប្រឈមបច្ចុប្បន្ន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ និងក្រសួងសុខាភិបាលត្រូវតែផ្លាស់ប្តូរតួនាទីពីគ្រាន់តែជាអ្នកគ្រប់គ្រងជំនួយ ទៅជាអ្នកកសាងប្រព័ន្ធសុខាភិបាលជាតិដ៏រឹងមាំ»។ យើងកំពុងផ្លាស់ប្តូរពីការធ្វើការបែបដាច់ដោយឡែកពីគ្នា ទៅជាស្ថាបត្យកម្មសុខាភិបាលជាតិរួមតែមួយ។ ការណ៍នេះតម្រូវឱ្យមានការដឹកនាំជាយុទ្ធសាស្ត្រដែលយន្តការសម្របសម្រួលកម្រិតជាតិ(CCM) ធានាថាគ្រប់សកម្មភាពទាំងអស់បម្រើឱ្យចក្ខុវិស័យអធិបតេយ្យភាពរបស់កម្ពុជា។

មុននឹងប្រកាសបើសិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ជោគជ័យរបស់យើងនឹងមិនត្រូវបានវាស់វែងដោយចំនួនទឹកប្រាក់ជំនួយនោះទេ។ ប៉ុន្តែ ត្រូវធ្វើការវាស់វែងដោយប្រសិទ្ធភាពដែលយើងបញ្ជ្រាបសេវាសង្គ្រោះជីវិតទាំងនេះ ទៅក្នុងប្រព័ន្ធជាតិរបស់យើង។ យើងត្រូវមាន : ទិន្នន័យច្បាស់លាស់ ផែនទីបង្ហាញផ្លូវរួចរាល់ និងមុខងារដែលត្រូវបំពេញនៅក្នុងដៃរួចហើយ។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើថា «ដំណាក់កាលធានាចីរភាព» ត្រូវបានកំណត់ដោយភាពជាម្ចាស់ទាំងស្រុងរបស់កម្ពុជា និងការប្តេជ្ញាចិត្តមិនងាករេឆ្ពោះទៅកាន់ជំនាន់ដែលគ្មានអេដស៍។ ចូរយើងយកមេរៀនដែលទទួលបានពីការឆ្លើយតបនឹងជំងឺអេដស៍ មកពង្រឹងប្រព័ន្ធសុខាភិបាលទាំងមូលរបស់យើង និងពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។

សិក្ខាសាលានេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជារដ្ឋលេខាធិការ និងជាប្រធាន/តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល នាយិកាអង្គការយូអិនអេដស៍ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី, DFAT, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អង្គការសង្គមស៊ីវិលធ្វើការងារអេដស៍HACC, CPN+, KHANA, RHAC, FHI360, បណ្តាញចតុមុខ, MHC, MHSS, AUA, និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។