ខេត្តព្រះសីហនុ ៖ សាលារៀនសុវណ្ណភូមិសាខាទី១០ក្នុងខេត្តព្រះសីហនុ បានរៀបចំកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងសម្រាប់បុគ្គលិកដែលជាគណៈគ្រប់គ្រង មកពីគ្រប់ទីតាំងនៃសាខាចំនួន ៥០ ទូទាំងរាជធានី-ខេត្ត ដោយមានសមាជិកចូលរួមប្រមាណជាង ៣៥០នាក់។ កម្មវិធីរត់ប្រណាំងនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីព្រឹក ដោយចាប់ផ្តើមចេញដំណើរពី រង្វង់មូលក្លឹបឆ្នេរស្អាត តាមបណ្តោយ ឆ្នេរអូរឈើទាល ហើយបញ្ចប់នៅតំបន់បន្ទប់ទឹកសាធារណៈលេខ៣ ឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមការបញ្ជាក់ពី លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអគ្គនាយក ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពកាយសម្បទា និងការសហការរវាងគណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ គ្រប់សាខាទាំងអស់ ព្រមទាំងជួយជំរុញស្មារតីកីឡា និងការរស់នៅមានវិន័យ និងមានសុភាពល្អរឹងមាំក្នុងកិច្ចការប្រចាំថ្ងៃ។
លោកឧកញ៉ាក៍បានរំលឹកផងដែរថា ការជ្រើសរើសយកឆ្នេរសមុទ្រក្រុងព្រះសីហនុ ជាទីតាំងរត់ គឺជាការបង្ហាញពីមោទកភាពចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតរបស់កម្ពុជា។ ការតភ្ជាប់ទំនាក់ទំនង រវាងថ្នាក់ដឹកនាំមកពីតំបន់ផ្សេងៗគ្នា បង្កើតភាពស្និទ្ធស្នាល ដែលជាគ្រឹះដ៏សំខាន់ក្នុងការសម្រេចគោលដៅរួម អ្នកចូលរួមទាំងអស់ ទទួលបានបទពិសោធន៍ល្អ និងអត្ថប្រយោជន៍សុខភាពពីសកម្មភាពកីឡា ការរត់តាមបណ្តោយឆ្នេរអូរឈើទាល ក៏ជាសារមួយដាស់តឿនដល់សាធារណជនឱ្យចូលរួមថែរក្សាបរិស្ថានឆ្នេរឱ្យបានស្អាត និងមានអនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីសក្តានុពលនៃខេត្តព្រះសីហនុ មិនត្រឹមតែជាតំបន់សេដ្ឋកិច្ចពិសេស ប៉ុន្តែជាគោលដៅទេសចរណ៍កីឡា (Sports Tourism) កម្រិតខ្ពស់។
នេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីសាមគ្គីភាពដ៏រឹងមាំ និងមោទកភាពដែលសាលារៀនសុវណ្ណភូមិបានរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅដោយរលូន ក្រោមការរៀបចំយ៉ាងហ្មត់ចត់ និងសុវត្ថិភាព ដើម្បីធានាឱ្យអ្នកចូលរួមទាំងអស់ទទួលបានបទពិសោធន៍ល្អ និងអត្ថប្រយោជន៍សុខភាពពីសកម្មភាពកីឡា។លើសពីសកម្មភាពកីឡា ដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសូមអញ្ជើញមកលំហែ សម្រាកកំសាន្តប្រកបដោយ សុវត្ថិភាព ផាសុខភាព ។



