ឯកឧត្តមបណ្ឌិត ចាយ បូរិន និងលោកជំទាវ អញ្ជើញថ្វាយបង្គំព្រះសីលវុឌ្ឍាចារ្យ អ៊ឹម ទៀង និងពិនិត្យមើលការដាំដំណាំ បន្លែបង្ការ និងដើមឈើហូបផ្លែ នៅវត្តសិរិសាគរដូនស្ដើង និងអញ្ជើញទស្សនារមណីយដ្ឋានធម្មជាតិសុខារ៉ាវី ឋិតនៅខេត្តព្រៃវែង។

(ខេត្តព្រៃវែង) នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានអញ្ជើញទៅថ្វាយបង្គំព្រះសីលវុឌ្ឍាចារ្យ អ៊ឹម ទៀង ព្រះចៅអធិការវត្តសិរិសាគរដូនស្ដើង ​ស្ថិតនៅភូមិស្វាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីពិនិត្យមើលការដាំដំណាំនិងបន្លែបង្ការ ដើម្បីចូលរួមចំណែកទ្រទ្រង់ជីវភាពរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថា្នក់ដឹកនាំ មន្ត្រីរាជការ និងលោកប្រធានមន្ទីរធម្មការនិងសាសនា  ព្រមទាំងអាជ្ញាធរ មូលដ្ឋានផងដែរ ។​

ជាកិច្ចស្វាមគមន៍ ព្រះសីលវុឌ្ឍាចារ្យ ព្រះចៅអធិការវត្ត បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចូលមកទស្សនាវត្តសិរិសាគរដូនស្តើង ព្រមទាំងមានព្រះសង្ឃដីបញ្ជាក់ជូនអំពីស្ថានភាពរបស់វត្តថា ​បច្ចុប្បន្នវត្តមានព្រះសង្ឃសរុប១៦អង្គ ផ្ទៃដីសរុបជាង៤ហិកតា មានស្រះទឹកចាស់​ចំនួន២ និងស្រះថ្មីចំនួន១ ដែលមានប្រវែង២០០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ។ ផ្ទៃដីវត្តមួយចំនួនបានប្រើប្រាស់ទៅលើការរធ្វើកសិកម្មដាំបន្លែ បង្ការ និងដើមឈើហូបផ្លែ។ ព្រះតេជគុណបានបញ្ជាក់ថា ការផ្តួចផ្តើមគំនិតឱ្យព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តដាំដុះបន្លែ​ បង្ការ និងដើមឈើហូបផ្លែនេះ​ ​ដើម្បីផ្គត់ផ្គង់ជាចង្ហាន់ចំពោះព្រះសង្ឃ តាជី យាជី និងកូនសិស្ស ដែលគង់និងស្នាក់នៅសិក្សារៀនសូត្រ ប្រតិបត្តិធម៌នៅក្នុងវត្ត បានឆាន់និងទទួលទាន។ ម្យ៉ាងទៀតក៏ទទួលបាននូវបន្លែផ្លែឈើធម្មជាតិ ដែលមានគុណភាពខ្ពស់ គ្មានជាតិគីមី ល្អចំពោះព្រះសុខភាពនិងសុខភាព។ ចំណែកបន្លែ ផ្លែឈើមួយចំនួនទៀត ក៏ត្រូវបានផ្ដល់ជាទានសម្រាប់បរិស័ទចំណុះជើងវត្ត​ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍ថា កន្លងមកក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈ បានធ្វើការណែនាំដល់ព្រះមន្ត្រីសង្ឃមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត ជាពិសេសព្រះចៅអធិការគ្រប់វត្តនៅទូទាំងប្រទេស គប្បីយកព្រះទ័យនិងយកចិត្តទុកដាក់ខ្ពស់ក្នុ​ងការរៀបចំ​វត្តអារាមនីមួយៗ ឱ្យមានការដាំដំណាំនិងបន្លែបង្ការលើផ្ទៃដីវត្ត តាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងនោះមានដូចជា ស្ពៃគ្រប់មុខ ខាត់ណា សាលាដ ត្រសក់ ត្រកួន ត្រឡាច ល្ពៅ និងដំណាំជីគ្រប់ប្រភេទ។ល។ ឱ្យបានស្រស់បំព្រងគ្រប់រដូវកាលប្រកបដោយនិរន្តរភាព ដើម្បីធានាដល់ការប្រើប្រាស់ សម្រាប់បំពេញតម្រូវការជីវភាពប្រចាំថ្ងៃ និងដើម្បីសម្រាលដល់ការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ព្រះសង្ឃ  និងពុទ្ធបរិស័ទចំណុះជើងវត្ត ​​ទទួលបានបន្លែបង្ការធម្មជាតិ ដែលមានគុណប្រយោជន៍ដល់សុខភាព និងពង្រឹងសាមគ្គីភាព ព្រមទាំងការទំនុកបម្រុង​ទៅវិញទៅមកនៅក្នុងសហគមន៍។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានកោតសរសើរចំពោះព្រះសីលវុឌ្ឍាចារ្យ ​ ព្រះចៅអធិការវត្តសិរិសាគរដូនស្តើង ដែលបានយកព្រះទ័យទុកដាក់ដាំដំណាំនិងបន្លែបង្ការបន្ទាប់បន្សំ ដើម្បីផ្គត់ផ្គង់ជាចង្ហាន់ដល់ព្រះសង្ឃ មិនតែប៉ុណ្ណោះ ព្រះអង្គថែមទាំងបំផុសឱ្យពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមនូវសកម្មភាពដាំបន្លែនៅតាមគេហដ្ឋានដែលមានដីទំនេររៀងៗខ្លួនផងដែរ។ សកម្មភាពទាំងនេះ ពិតជាឆ្លើយតបបានយ៉ាងសមស្របទៅនឹងសភាពការណ៍បច្ចុប្បន្នដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិជាសាកល ហើយក៏ស្របទៅនឹងទ្រឹស្តី មត្តញ្ញុតាធម៌ (ការរស់នៅដោយភាពស្គាល់ប្រមាណ) របស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ដែលទ្រង់សម្តែងឱ្យពុទ្ធបរិស័ទញ៉ាំងជីវិតប្រព្រឹត្តិទៅក្នុងភាពស្គាល់ប្រមាណនិងស្គាល់ភាពគ្រប់គ្រាន់។​ ចំណែកបច្ចេកទេសដាំដុះបន្លែបង្ការ គណៈសង្ឃរាជធានី-ខេត្ត មន្ទីរធម្មការនិងសាសនា ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញផ្នែកកសិកម្ម ដើម្បីជួយផ្នែកបច្ចេកទេស​ដាំដុះ ការប្រើប្រាស់ពូជ និងជីធម្មជាតិជាដើម សំដៅធានាបាននូវបច្ចេកទេសត្រឹមត្រូវក្នុងដំណើរការដាំដំណាំនិងបន្លែបង្ការឱ្យមានភាពល្អប្រសើរនិងវឌ្ឍនភាពទៅមុខជានិច្ច។

​ឯកឧត្តមបណ្ឌិតប្រធានប្រតិភូ បានជំរុញលើកទឹកព្រះទ័យ ឱ្យព្រះគ្រូចៅអធិការ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ យកព្រះទ័យ​ និងយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបន្តនិរន្តភាពនៃការដាំដុះនេះឱ្យកាន់តែផលផុស ដើម្បីអភិវឌ្ឍវត្តឱ្យប្រែក្លាយទៅជាវត្តគំរូសម្រាប់ឱ្យវត្តដទៃៗទៀតនៅទូទាំងប្រទេសបានយកតម្រាបតាមផង និងដើម្បី​រក្សាបានសុខមាលភាពល្អផង ស្របតាមព្រះពុទ្ធដីការ ទ្រង់សម្តែងទុកថា អរោគ្យា បរមា លាភា ភាពមិនមានរោគ ជាលាភដ៏ប្រសើរ។ លើសពីនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី​ បានស្នើឱ្យគ្រប់វត្តអារាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងធម្មការនិងសាសនា រួមជាគណៈសង្ឃនាយក ​ស្តីពីការដាំបន្លែ​​បង្ការ និងដើមឈើហូបផ្លែ លើផ្ទៃដីវត្តដែលទំនេរ ហើយចូលរួមបង្កើនបរិស្ថានស្អាត ស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនាដែលបានដាក់ឱ្យអនុវត្តសម្រាប់វត្តអារាមនៅទូទាំងប្រទេស។

​​ឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក៏បាននាំយកនូវទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារមួយចំនួនប្រគេនដល់ព្រះចៅអធិការវត្ត ព្រមទាំងប្រគេនពរគ្រប់ប្រការនាឱកាសឆ្នាំថ្មី ដល់ចៅអធិការវត្តសិរិសាគរដូនស្ដើង និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងអាចារ្យ គណៈកម្ម លោកតា លោកយាយ សូមបានសមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូបានបន្តដំណើរទៅពិនិត្យមើលការដំាំដំណាំ បន្លែបង្ការ និងដើមឈើហូបផ្លែ​ នៅរមណីយដ្ឋានធម្មជាតិសុខារ៉ាវី ឋិតនៅក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ មហាឧបាសក អៀង សុធារ៉ា និងលោកស្រី ស្ថាបត្យករ យិន ដារ៉ាវី ស្ថាបនិករមណីយដ្ឋានធម្មជាតិសុខារ៉ាវី បានគោរពជម្រាបជូនឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ថា រមណីយដ្ឋាននេះកសាងឡើងនៅដើមឆ្នាំ២០២០ លើផ្ទៃទំហំជិត៨០ ហិកតា ក្នុងគោលបំណងដើម្បីលើកកម្ពស់សាសនា និងបរិស្ថាន បង្កើតបរិយាកាស ព្រមទាំងសកម្មភាពល្អៗ ឱ្យកើតជាប្រយោជន៍ដល់ភ្ញៀវដែលចូលមកទស្សនាទទួលបាននូវសុខុមាលផ្លូវចិត្តនិងសុខុមាលភាពផ្លូវកាយល្អ តាមរយៈការដំាដើមឈើគ្រប់ប្រភេទជាង ១០ម៉ឺនដើម និងបន្លែសិរីរាង្គ គ្មានជាតិគីមីលើផ្ទៃដីជាង ៣ហិចតា ដោយប្រើជីធម្មជាតិ​ដែលផលិតក្នុងស្រុក។ ​

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានកោតសរសើរនូវគំនិតផ្តួចផ្តើមកសាងរមណីយដ្ឋានសុខារ៉ាវីនេះឡើង និងជំរុញលើកទឹកចិត្តដល់មហាឧបាសក អៀង សុធារ៉ា និងលោកស្រី ស្ថាបត្យករ យិន ដារ៉ាវី ឱ្យបន្តកិច្ចការនេះឱ្យបានកាន់តែល្អប្រសើរសម្រាប់ការចូលរួមលើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​។