ឯកឧត្តម ឈួរ សុបញ្ញា : ការអនុវត្តធម៌ក្នុងជីវិតប្រចាំថ្ងៃនេះ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការគាំទ្រយុទ្ធនាការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសង្គមសន្តិភាព សុវត្ថិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព
ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកគណកម្មាធិការនាយកសមាគមកម្ពុជរដ្ឋបានអញ្ជើញថ្វាយបង្គំព្រះអង្គគ្រូចៅអធិការវត្តអង្គខាងត្បូង និងចូលរួមសំណេះសំណាល ព្រមទាំងសម្តែងធម្មីកថាពីសលីធម៌សង្គមតាមពុទ្ធសាសនាជាមួយនវសាមណេរ និងសីលវ័ន្ត សីលវតី ដែលកំពុងបំពេញសិក្ខាបទ ក្នុងកម្មវិធីបំបួសកុលបុត្រវិសាខបូជាឆ្នាំមមី នៅវត្តឥន្ទបត្តបុរីខាងត្បូង។
ក្នុងការសំណេះសំណាលនិងធម្មីកថារបស់ឯកឧត្តមបានផ្តោតលើការលើកកម្ពស់ស្មារតីសីលធម៌ ការអប់រំផ្លូវចិត្ត និងការយល់ដឹងអំពីតម្លៃនៃព្រះពុទ្ធសាសនា ក្នុងជីវិតប្រចាំថ្ងៃ។ ធម្មីកថាដែលបានបង្ហាញ បានលើកទឹកចិត្តឱ្យនវសាមណេរ និងអ្នកកាន់សីលទាំងអស់ បន្តអនុវត្តគុណធម៌ សច្ចៈ ខន្តី និងកត្តញ្ញូ ដើម្បីក្លាយជាបុគ្គលមានគុណភាព និងជាគ្រាប់ពូជល្អសម្រាប់សង្គមជាតិ និងការចូលរួមបន្តស្មារតីសាមគ្គីឯកភាពជាតិ ដោយបណ្តុះឱ្យយុវជនមានការគោរពគ្នាទៅវិញទៅមក ស្រឡាញ់សន្តិភាព និងយល់ដឹងពីតម្លៃនៃការរួមរស់ជាមួយគ្នាក្នុងសង្គម។ ការបណ្តុះបណ្តាលផ្លូវសីលធម៌ និងធម៌វិន័យនេះ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការកសាងសង្គមដែលមានស្ថិរភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្មវិធីនេះ ក៏ជាឱកាសសំខាន់មួយ សម្រាប់ការបញ្ជាក់នូវតម្លៃនៃការបំបួសជាបណ្ដោះអាសន្ន ក្នុងឱកាសវិសាខបូជា ដែលមិនត្រឹមតែជាការប្រតិបត្តិបុណ្យបាបបុណ្យទេ ប៉ុន្តែថែមទាំងជាវិធីសាស្ត្រអប់រំខ្លួនឯង បណ្តុះគំនិត និងពង្រឹងសីលធម៌មនុស្សឱ្យមានស្ថេរភាព និងមានទំនួលខុសត្រូវចំពោះសង្គម។ការចូលរួមក្នុងកម្មវិធីនេះ មិនត្រឹមតែជាការលើកកម្ពស់វិស័យសាសនា និងការអប់រំផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមបង្កើនសាមគ្គីភាពជាតិ បង្កើតសង្គមដែលមានភាពសុខដុមរមនា និងរឹងមាំសម្រាប់អនាគតជាតិផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមក៏បានផ្តាំផ្ញើដល់នវសាមណេរ និងសីលវ័ន្ត សីលវតីទាំងអស់ បន្តអនុវត្តនូវមេរៀន និងគុណធម៌ដែលបានសិក្សា និងអនុវត្តក្នុងអំឡុងពេលបំពេញសិក្ខាបទនេះ ឱ្យក្លាយជាគន្លងជីវិតប្រចាំថ្ងៃ បន្ទាប់ពីត្រឡប់ទៅគេហដ្ឋានវិញដូចដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ថា៖ “ធម្មោ ហវេ រក្ខតិ ធម្មចារី” ធម៌តែងតែការពារអ្នកដែលប្រព្រឹត្តតាមធម៌ ដូច្នេះ ការរស់នៅដោយសីលធម៌ សច្ចៈ ខន្តី និងកត្តញ្ញូ គឺជាមូលដ្ឋានសម្រាប់ជីវិតមានតម្លៃ និងសង្គមមានស្ថិរភាព។ លើសពីនេះទៀតសូមបន្តរក្សាស្មារតីសាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក និងការរួមរស់ដោយសុខដុមរមនា ជាពិសេស បន្តចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងមូលដ្ឋាន ក្នុងការរក្សាសុខសុវត្ថិភាពសង្គម និងសហគមន៍។ ការអនុវត្តធម៌ក្នុងជីវិតប្រចាំថ្ងៃនេះ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការគាំទ្រយុទ្ធនាការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសង្គមសន្តិភាព សុវត្ថិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សូមឱ្យគុណធម៌ដែលបានបណ្តុះបណ្តាលនេះ ក្លាយជាថាមពលផ្លូវចិត្តដ៏រឹងមាំ ដើម្បីឱ្យអ្នកទាំងអស់គ្នា អាចរួមចំណែកយ៉ាងមានតម្លៃក្នុងការកសាងជាតិ សាសនា និងសង្គម ឱ្យរីកចម្រើន និងរឹងមាំជានិច្ចកាល។



