ពុទ្ធបរិស័ទរាប់បាត្រព្រះសង្ឃ ១៧០អង្គ ក្នុងពិធីវិសាខបូជា នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីបុណ្យវិសាខបូជា យ៉ាងអធិកអធម នៅបរិវេណវត្តឥន្ទញ្ញាណ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ ពុទ្ធបរិស័ទ មន្ត្រីរាជការ និងញាតិញោមជាច្រើន បានចូលរួមរាប់បាត្រព្រះសង្ឃចំនួន ១៧០អង្គ ដោយបង្ហាញពីសាមគ្គីភាព និងសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។ ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ គោរព និងពោរពេញដោយសេចក្ដីស្រឡាញ់ធម៌។
បុណ្យវិសាខបូជា ជាទិវាដ៏ពិសិដ្ឋសម្រាប់ពុទ្ធសាសនិកជនទូទាំងពិភពលោក ដើម្បីរំលឹកដល់មហានក្ខត្តឬក្ស ៣ ក្នុងព្រះពុទ្ធសាសនា រួមមាន ថ្ងៃប្រសូតិ ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ ដែលសុទ្ធតែកើតឡើងនៅថ្ងៃ ១៥កើត ខែពេញបូណ៌មី ខែពិសាខដូចគ្នា។ បន្ថែមពីនេះ បុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ជាអន្តរជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ផងដែរ។
ក្នុងពិធីដ៏ជ្រះថ្លានេះ ពុទ្ធបរិស័ទបានរួមគ្នាថ្វាយគ្រឿងសក្ការៈបូជា រៀបចំចង្ហាន់ ទេយ្យទាន និងបច្ច័យបួន តាមបែបបុណ្យប្រពៃណី និងស្របតាមពុទ្ធបញ្ញត្តិ។
ពិធីបុណ្យវិសាខបូជាមិនត្រឹមតែជាការបំពេញកិច្ចបូជាតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការរួបរួមសាមគ្គីរបស់សង្គម ក្រោមម្លប់សន្តិភាព និងការអភិរក្សប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់ថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»៕

អត្ថបទ÷និន សុផារ
រូបភាព៖ លោក ផូង ថៃ