ផលិតផលកូនខ្មែរថ្មីមួយទៀត POiR បានលេចចេញជារូបរាង និងបានដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន POiR បានដាក់សម្ពោធជាផ្លូវការនូវផលិតផល POiR ដែលជាផលិតផលកូនខ្មែរ ប្រមាណ១២មុខ ក្រោមអធិបតី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំង លោកជំទាវឧកញ៉ា ម៉ៅ បញ្ចពណ៌ នាយិកាប្រតិបត្តិក្រុមហ៊ុនសិដ្ឋ អេន អានីធន។

 លោកជំទាវឧកញ៉ា ម៉ៅ បញ្ជាពណ៌ បានបញ្ជាក់ថា រាល់ផលិតផល POIR នីមួយៗឆ្លុះបញ្ចាំងពីគុណភាពខ្ពស់ គ្រឿងផ្សំល្អៗ និងស្តង់ដារវេចខ្ចប់ ដែលមានសុវត្ថិភាព និងត្រូវបានបង្កើតឡើងដើម្បីបំពេញ តម្រូវការរបស់ប្រជាជនកម្ពុជាដោយយកចិត្តទុកដាក់លើ គុណភាពជាចម្បង។

POIR គឺជាម៉ាកផលិតផលថ្មីស្រឡាងរបស់កូនខ្មែរដែល មានគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិដែលកំពុងមានវត្តមាន លើទីផ្សារកម្ពុជាដោយមានទាំងផលិតផលប្រើប្រាស់ក្នុងផ្ទះ និងផលិតផលថែរក្សាផ្ទាល់ខ្លួនព្រមទាំងមានការទទួលស្គាល់ពី ក្រសួងសុខាភិបាលផងដែរ។ 

ឆ្លៀតក្នុងឱកាសនោះ  លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន SETH AND ANNIE THUN CO., Ltd ដែលបានខិតខំដឹកនាំជំរុញប្រតិបត្តិការធុរកិច្ចរបស់ខ្លួនរហូតទទួលបានសមិទ្ធផលគួរជាទីមោទនៈ តាមរយៈការដាក់សម្ពោធផលិតផលថែទាំគេហដ្ឋាន និងផលិតផលថែទាំផ្ទាល់ខ្លួន ដែលជាផលិតផលផលិតក្នុងស្រុក។ 

ភាពជោគជ័យរបស់ក្រុមហ៊ុន បង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍផលិតផលមានគុណភាព ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងចាប់យកឱកាសទីផ្សារដែលកំពុងកើនឡើង។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការរួមគ្នាបន្តបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក ដូចតទៅ៖

១-ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក ចូលរួមជំរុញការផ្សារភ្ជាប់ទីផ្សារដល់កសិករ អ្នកដាំដុះ តាមរយៈការប្រមូលទិញនិងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានជាអតិបរមា ព្រមទាំងពង្រឹងសមត្ថភាព ផលិតភាព គុណភាព និងកសាងម៉ាកយីហោរបស់ខ្លួន។

២-វិនិយោគិនធំៗក្នុងស្រុក បន្តចូលរួមបណ្តាក់ទុនជាមួយសិប្បកម្មផលិតក្នុងស្រុកក្នុងការផលិត កែច្នៃ និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីលើកកម្ពស់តម្លៃបន្ថែមនិងបង្កើនភាពប្រកួតប្រជែង។

៣-សិប្បកម្មផលិតក្នុងស្រុកដែលមានផលិតផលដូចគ្នា ត្រូវពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធឬសមាគម ដើម្បីបង្កើនបរិមាណផលិតនិងផ្គត់ផ្គង់ និងដើម្បីធានាបានការកាត់បន្ថយថ្លៃចំណាយលើផលិតកម្ម។

៤-ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក សូមបន្តចូលរួមក្នុងយុទ្ធនាការផលិតផលជាតិ #MadeInCambodia តាមរយៈការចូលរួមដាក់លក់ផលិតផលរបស់ខ្លួន នៅតាមផ្សារទំនើបនានា និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ និង

៥- សូមបន្តពង្រឹងស្មារតី និងឆន្ទៈរួមគ្នាគាំទ្រផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលជាតិនៅនឹងកន្លែង៕