លោកស្រី Aung San Suu Kyi ក្នុងសភាពចាស់ជាងមុន! ត្រូវបានគេផ្ទេទៅឃុំខ្លួនក្នុងផ្ទះថ្មីវិញដែលជាការដោះលែងអ្នកទោសក្នុងថ្ងៃវិសាខបូជា និងបន្ទាប់ពីទស្សនៈកិច្ចរបស់លោក វ៉ាង យី
អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានដកពីការឃុំខ្លួនចេញពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះថ្មីវិញ ហើយទោសរបស់លោកស្រីត្រូវបានបន្ធូរបន្ថយជាផ្នែកមួយនៃការលើកលែងទោសដល់អ្នកទោសសម្រាប់ថ្ងៃឈប់សម្រាកក្នុងវិស័យព្រះពុទ្ធសាសនាវិសាខបូជាដ៏ធំរបស់មីយ៉ាន់ម៉ាផងដែរ។ ភ្ជាប់មកជាមួយនឹងការប្រកាសនេះ គឺជារូបថតរបស់មេដឹកនាំអាយុ ៨០ ឆ្នាំរូបនេះ ក្នុងសម្លៀកបំពាក់អាវកប្បាសពណ៌ស និងសំពត់ខៀវក្រម៉ៅប្រពៃណី ហើយអង្គុយលើកៅអីឈើ ជាមួយតុទាបមួយ បែរមុខទៅកាន់បុរសពីរនាក់ដែលមិនស្គាល់អត្តសញ្ញាណ ម្នាក់ស្លៀកឯកសណ្ឋានប៉ូលីស និងម្នាក់ទៀតស្លៀកឯកសណ្ឋានជាយោធា។ ការិយាល័យព័ត៌មានយោធាមីយ៉ាន់ម៉ា និងទូរទស្សន៍រដ្ឋបានបង្ហាញអំពីចលនាផ្ទេរស្ថានភាពឃុំឃាំងនេះ និងបានចែករំលែករូបថតរបស់លោកស្រីនៅយប់ថ្ងៃព្រហស្បតិ៍ទី៣០ខែមេសា ប៉ុន្តែមិនបញ្ជាក់ពេលវេលានិងទីកន្លែងច្បាស់លាស់នោះទេ ។ លោកស្រី ស៊ូជី ត្រូវបានគេឃុំខ្លួននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលកងកម្លាំងយោធាបះបោរធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតភ្លូកទឹកភ្លូកដីរបស់លោកស្រី។ លោកស្រីមិនត្រូវបានគេមើលឃើញជាសាធារណៈចាប់តាំងពីពេលនោះមក ហើយរូបថតផ្លូវការចុងក្រោយរបស់លោកស្រីគឺត្រឹមការបង្ហាញខ្លួននៅតុលាការនាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ប៉ុណ្ណោះ។ មុននេះបន្តិចអាជ្ញាធរបានប្រកាសថា ទោសរបស់លោកស្រី ស៊ូជី កំពុងត្រូវបានបន្ធូរបន្ថយជាផ្នែកមួយនៃការលើកលែងទោសដល់អ្នកទោសក្នុងថ្ងៃវិសាខបូជា គឺថ្ងៃពេញបូណ៌មីតែម្តង ដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់ព្រះពុទ្ធដែរ ក្រោយពីត្រូវគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំនៅចុងឆ្នាំ ២០២២ ចំពោះបទល្មើសជាច្រើនដែលអ្នកគាំទ្រ និងក្រុមសិទ្ធិមនុស្សរបស់លោកស្រីបានពិពណ៌នាថាជាការប៉ុនប៉ងធ្វើឱ្យការកាន់កាប់អំណាចរបស់កងកម្លាំងយោធាបានសម្រេច និងដកបេក្ខភាពលោកស្រីចេញពីឆាកនយោបាយ និងរារាំងមិនឱ្យវិលមកវិញបាន។ ការលើកលែងទោសនេះគ្របដណ្តប់លើអ្នកទោសចំនួន ១៥១៩ នាក់ និងកាត់បន្ថយទោសសម្រាប់អ្នកដែលនៅតែជាប់ពន្ធនាគារចំនួន១ភាគ៦ឯណោះ។ ការលើកលែងទោសដល់ទណ្ឌិតគឺជារឿងធម្មតានៅក្នុងប្រទេសមីយ៉ាន់ម៉ាសម្រាប់ថ្ងៃឈប់សម្រាកបុណ្យសាសនា និងព្រឹត្តិការណ៍សំខាន់ៗផ្សេងៗទៀត ហើយការលើកលែងទោសដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះគឺជាលើកទី២ហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលអនុវត្តចំពោះលោកស្រី អ៊ុងសាន ស៊ូជី តែម្តង។ ជិតពីរសប្តាហ៍មុន ការលើកលែងទោសដាច់ដោយឡែកមួយបានដោះលែងប្រធានាធិបតីដែលត្រូវបានបណ្តេញចេញដែរ គឺលោក Win Myint ដែលជាអ្នកស្មោះត្រង់បំផុតជាមួយនឹងលោកស្រី ស៊ូជី រយៈពេលយូរមកហើយ ដែលត្រូវបានចាប់ខ្លួននៅថ្ងៃដដែលជាមួយលោកស្រីដែរ។ ការលើកលែងទោសទាំងនេះបានធ្វើឡើងដែរ បន្ទាប់ពីឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing បានស្បថចូលកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ាថ្មីនៅថ្ងៃទី ១០ ខែមេសា បន្ទាប់ពីការបោះឆ្នោតមួយដែលមានអ្នករិះគន់ថា គ្រាន់តែជាការរៀបចំឡើងឲ្យល្អមើល ដើម្បីរក្សាអំណាចយ៉ាងរឹងមាំរបស់យោធាមីយ៉ាន់ម៉ាតែប៉ុណ្ណោះ។ នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោក លោកបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ការលើកលែងទោសដើម្បីលើកកម្ពស់ការផ្សះផ្សាសង្គម យុត្តិធម៌ និងសន្តិភាពឡើងវិញ។ ប៉ុន្តែ BBC បានបញ្ជាក់ថាការដោះលែងលោកស្រីទៅឃុំក្នុងផ្ទះថ្មីធ្វើឡើងបន្ទាប់ពីអាស៊ានបានអំពាវនាវដោយផ្ទាល់ឱ្យមានការដោះលែងលោកស្រី ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ទៅកាន់ក្រុងណៃពិដោ និងសេចក្តីថ្លែងការណ៍របស់ប្រទេសថៃគឺត្រូវតែដោះលែងលោកស្រី ប្រសិនបើមីយ៉ាន់ម៉ាចង់វិលត្រឡប់ទៅកាន់វេទិកានៃកិច្ចប្រជុំកំពូលអាស៊ានវិញ។ កន្លងទៅអ្នកអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stéphane Dujarric បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិរបស់លោក គឺលោក António Guterres បានចាត់ទុកការផ្ទេរទីតាំងឃុំខ្លួនរបស់លោកស្រី ស៊ូជី គឺជាជំហានដ៏មានអត្ថន័យឆ្ពោះទៅរកលក្ខខណ្ឌដែលអំណោយផលដល់ដំណើរការនយោបាយដ៏គួរឱ្យទុកចិត្តបាន។ លោក Guterres ក៏បានអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ជាជំហានជាមូលដ្ឋានដែរ ឆ្ពោះទៅរកដំណើរការនយោបាយ និងដំណោះស្រាយដែល «ត្រូវតែផ្អែកលើការបញ្ឈប់អំពើហិង្សាជាបន្ទាន់ និងការប្តេជ្ញាចិត្តពិតប្រាកដចំពោះការសន្ទនាដែលមានលក្ខណៈរួមបញ្ចូលគ្នា»។ ប៉ុន្តែមានក្រុមអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស Burma Campaign UK បាននិយាយផ្ទុយគ្នាថា ការប្រកាសទាំងអស់នេះគឺគ្រាន់តែជាផ្នែកមួយនៃយុទ្ធសាស្ត្រមួយដើម្បីធ្វើកំណែទម្រង់ និងរក្សាអំណាចរបស់មេដឹកនាំពួកគេប៉ុណ្ណោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



