មន្ទីរបរិស្ថានខេត្តកោះកុង : តាមការណែនាំ របស់គណៈបញ្ជាការឯកភាពខេត្តកោះកុង ក្រុមការងារមន្ទីរបរិស្ថានខេត្ត បានចុះអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តខេត្តកោះកុង

ប្រតិបត្តិការនេះត្រូវបានអនុវត្តឡើងដោយផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីដូចខាងក្រោម៖

១. ការជូនដំណឹងឱ្យចាកចេញដោយស្ម័គ្រចិត្តចំនួន ០៣លើក រួចមកហើយពីសំណាក់រដ្ឋបាលស្រុកមណ្ឌលសីមា។ ២. ស្មារតីនៃកិច្ចប្រជុំរវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

៣. លទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយអំពី «ក្រមបរិស្ថាន និងធនធានធម្មជាតិ» ជូនដល់តំណាងប្រជាពលរដ្ឋដែលបានចូលទន្ទ្រានកាន់កាប់ដីក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។

យោងតាមស្មារតីអង្គប្រជុំ កាលពីថ្ងៃទី២២ និងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រវាងរដ្ឋបាលខេត្តកោះកុង និងតំណាងក្រុមអ្នកតាំងលំនៅខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចចុះអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលរឹងរូសមិនព្រមរុះរើ និងចាកចេញតាមការណែនាំ។ វិធានការនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សូមបញ្ជាក់ជូនថា កន្លងមក អាជ្ញាធរមានសមត្ថកិច្ចបានចុះផ្សព្វផ្សាយ ណែនាំ និងពន្យល់អំពីទិដ្ឋភាពច្បាប់ជាច្រើនលើកច្រើនសារ ដល់បុគ្គលដែលបានចូលមកកាប់គាស់ រុករាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់ នៅចំណុចជ្រោះដំណាក់ក្បូន នៃឧទ្យានជាតិជួរភ្នំក្រវាញ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានតម្រូវឱ្យពួកគាត់រុះរើសំណង់ និងចាកចេញពីតំបន់នោះជាបន្ទាន់ផងដែរ។

បច្ចុប្បន្ន សំណង់អនាធិបតេយ្យដែលបានសាងសង់ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនេះ មានប្រមាណជាង ១០០កន្លែង (រួមមាន ខ្ទម តូបលក់ដូរ រោងលំហែ និងបន្ទប់ទឹក)។ សូមជម្រាបថា សកម្មភាពទន្ទ្រានកាន់កាប់ដីធ្លីក្នុងតំបន់ការពារធម្មជាតិខាងលើ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្ដន្ទាទោសតាមមាត្រា ៨៥១ ចំណុច (ច) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ៕