កម្ពុជាបណ្តេញជនជាតិថៃ ៦៣៥នាក់ ចេញពីប្រទេស ក្រោយបង្ក្រាបទីតាំងអាជីវកម្មអនឡាញខុសច្បាប់នៅក្រុងប៉ោយប៉ែត
“ជនជាតិថៃចំនួន ៦៣៥ នាក់ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបណ្តាញឧក្រិដ្ឋកម្មឆ្លែងដែន ត្រូវបានបណ្តេញចេញទៅប្រទេសថៃនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្រោយពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា”។
ឯកឧត្តមឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិកម្ពុជា ដែលដឹកនាំប្រតិបត្តិការនេះ បានឱ្យដឹងបន្ថែមថា៖ “ចំណែកជនសង្ស័យចំនួន ៣០នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាបាននិងកំពុងរៀបចំអនុវត្តនីតិវិធីច្បាប់បន្តចំពោះបទល្មើសដែលបានប្រព្រឹត្តទាក់ទងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការបណ្តេញចេញជនជាតិថៃនេះត្រូវបានធ្វើឡើងដោយមានការសម្របសម្រួល សហការរវាងសមត្ថកិច្ចកម្ពុជា និងថៃ”។
គួរបញ្ជាក់ថានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងប្រតិបត្តិការចម្រុះរបស់កម្ពុជា ក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបង្ក្រាបទីតាំងមួយជាអគារខុនដូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។
តាមលទ្ធផលបឋម អាជ្ញាធរកម្ពុជាបានរកឃើញវត្ថុតាងជាច្រើន រួមមាន ទូរស័ព្ទដៃ ៤ ៦៨៥គ្រឿង Monitor ចំនួន ៤១៦គ្រឿង និងឧបករណ៍ពាក់ព័ន្ធផ្សេងៗ។ ការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិកក៏បានរកឃើញវេបសាយល្បែងអនឡាញជាច្រើន ដែលមានទិសដៅអតិថិជនទៅកាន់ប្រទេសថៃ។
ដោយ ផែន រតនៈ (រូបថត៖ ខឹម សុវណ្ណារ៉ា)



