រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ប្រុងប្រយ័ត្ន និងកុំផ្សព្វផ្សាយរូបភាពហិង្សាលើកញ្ចក់ទូរទស្សន៍អាចបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់ម្ចាស់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយព័ត៌មានដែលមានគុណភាព ជាពិសេសកាត់បន្ថយព័ត៌មាន ដែលអាចជះផលអវិជ្ជមាន និងមានរូបបែបហិង្សាក្នុងសង្គម តាមរយៈការផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍។
ការណែនាំបែបនេះរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងការផ្សាយព័ត៌មាន ជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ ដែលទទួលបន្ទុកកិច្ចការព័ត៌មាន ដើម្បីពិនិត្យ ពិភាក្សា និងពង្រឹងប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានគុណភាព សុចរិតភាព និងទំនួលខុសត្រូវខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការផ្សព្វផ្សាយព័ត៌មានសន្តិសុខសង្គមជាច្រើន ដូចជាបទល្មើសឆក់ ប្លន់ ឃាតកម្ម ការធ្វើអត្តឃាត ជម្លោះប្តី-ប្រពន្ធ ព្រមទាំងបញ្ហាផ្សេងៗទៀតគឺមិនមានផលល្អដល់សង្គមនោះទេ។
ឯកឧត្តមរដ្ឋមន្ត្រីថាការផ្សព្វផ្សាយគួរផ្តោតជាសំខាន់លើមាតិកា ខ្លឹមសារ និងរូបភាពឱ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់មកដល់សង្គម រក្សាគុណធម៌ និងសីលធម៌ក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន។
ឯកឧត្តម បានលើកឡើងថា ស្ថានីយទូរទស្សន៍ត្រូវបន្តអនុវត្តតាមវិជ្ជាជីវៈសារព័ត៌មាន ដោយផ្តោតលើការផ្សព្វផ្សាយព័ត៌មានដែលមានការទទួលខុសត្រូវ និងមានប្រយោជន៍សម្រាប់សង្គម ជៀសវាងមាតិកាដែលអាចបង្កការភ័យខ្លាច ឬឥទ្ធិពលអាក្រក់ដល់សាធារណ:ជន។
ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏លើកទឹកចិត្តឱ្យមានការផលិតកម្មវិធីអប់រំ វប្បធម៌ និងព័ត៌មានវិជ្ជមាន ដើម្បីរួមចំណែកកសាងសង្គមដែលមានសុវត្ថិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕



