រដ្ឋមន្រ្តីសុខាភិបាល ៖ « ការកសាងប្រវត្តិការងារល្អ គឺឆ្លុះបញ្ចាំងពីខ្លួនឯងដែលបានខិតខំប្រឹងប្រែង និងបន្សល់ទុកជាមរតក (legacy) សម្រាប់ជំនាន់បន្តបន្ទាប់ »

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល រសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការងាររបន្ត ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី មានមតិសំណេះសំណាល និងលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន និងកិច្ចការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីជាកិត្តិយស និងជាស្នាដៃដល់មន្ត្រីសុខាភិបាលជំនាន់ក្រោយសិក្សាជាគំរូ។ បន្ថែមពីនេះ គ្រប់បណ្តាអង្គភាព ស្ថាប័នចំណុះក្រសួងសុខាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប្រចាំលើប្រព័ន្ធទំនាក់ទំនងបន្ទាន់ (Hotline) នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីជំរុញក្នុងការឆ្លើយតប និងទទួលការទំនាក់ទំនងឱ្យកាន់តែទាន់ពេលវេលា ប្រកបដោយស្មារតីបុរេសកម្ម។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ពីការប្រើប្រាស់រថយន្តគិលានសង្គ្រោះ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវពង្រឹងការបម្រើសេវាសុខភាពសង្គ្រោះបឋម ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

ជាចុងក្រោយ  ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារយ៉ាងសកម្ម ដោយយកចិត្តទុកដាក់ខ្ពស់ នៅតាមមន្ទីរពេទ្យ និងតាមទីតាំងរៀបចំកម្មវិធីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទូទាំងប្រទេសនាពេលកន្លងមកនេះ និងជូនពរមន្រ្តីសុខាភិបាលទាំងអស់ មានសិរីសួស្តី និងទទួលបានជោគជ័យក្នុងភារកិច្ចបន្ថែមទៀតនៅក្នុងឆ្នាំមមីនេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom។