អភិបាលស្រុកព្រៃនប់ ចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្មក្នុងឃុំសំរុង (ទុរេន និងវ៉ាន់នីឡា) និងជំរុញឱ្យកសិករពង្រីកការដាំដុះដើម្បីបង្កើនចំណូល

នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ លោក អ៊ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នូវស្ថានភាពផលិតកម្មកសិកម្ម ក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីជំរុញការផលិត និងស្វែងយល់ពីបញ្ហាប្រឈមរបស់បងប្អូនកសិករក្នុងមូលដ្ឋាន។

នៅក្នុងដំណើរចុះពិនិត្យនេះ លោកអភិបាលស្រុកបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើទិន្នផល ចំការទុរេន ចំការវ៉ាន់នីឡា និងដំណាំរួមផ្សំផ្សេងៗទៀត របស់លោក ថុង សេដ្ឋា ម្ចាស់ចំការ ដែលទើបនឹងប្រមូលផលថ្មីៗ។ លោកបានសង្កេតឃើញថា ទិន្នផលកសិកម្មរបស់លោក ថុង សេដ្ឋា នៅឆ្នាំនេះ មានគុណភាពល្អប្រសើរ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានយ៉ាងខ្ពស់។

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក ថុង សេដ្ឋា ដែលបានអភិវឌ្ឍបច្ចេកទេសដាំដុះ និងការថែទាំបានយ៉ាងដិតដល់។ លោកបានផ្តល់នូវអនុសាសន៍ និងការលើកទឹកចិត្តដល់លោក ឱ្យ បន្តអភិវឌ្ឍន៍គុណភាពផលិតផលឱ្យកាន់តែប្រសើរឡើង។ កែលម្អវិធីសាស្ត្រផលិតឱ្យស្របតាមស្តង់ដារបច្ចេកទេស ពង្រីកបណ្តាញទីផ្សារ ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចបន្ថែម។

ពិសេស ចំពោះបងប្អូនដែលមានដីទំនេរ គួរប្រើប្រាស់ដីឱ្យមានប្រសិទ្ធភាព ដោយដាំដំណាំបន្ថែមឱ្យសមស្របតាមរដូវកាល និងតម្រូវការទីផ្សារជាក់ស្តែង។

ជាចុងក្រោយ លោកអភិបាលស្រុកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគាំទ្រយ៉ាងជិតស្និទ្ធដល់កម្មវិធីអភិវឌ្ឍន៍កសិកម្ម ព្រមទាំងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មឱ្យមាននិរន្តរភាព និងប្រែក្លាយវិស័យកសិកម្មក្នុងស្រុកព្រៃនប់ ឱ្យកាន់តែរឹងមាំថែមទៀត៕