ឯកឧត្តម ទេព អស្នារិទ្ធ ៖ ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយគុណភាពក្រមសីលធម៌ និងមានទំនួលខុសត្រូវគឺជាគោលដៅរួមសម្រាប់សន្តិភាពនិងការអភិវឌ្ឍមិនមែនដើម្បីបង្កភាពអសណ្តាប់ធ្នាប់អសន្តិសុខសង្គមឡើយ

(ភ្នំពេញ)៖  ឯកឧត្តម ទេព អស្នារិទ្ធ បានថ្លែងថា ការយល់ដឹងច្បាស់ពីសិទ្ធិករណីយកិច្ច និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មានដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាននិងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដដែលវាមិនមែនជាការដាក់សំពាធឡើយ។ ដូច្នេះការធ្វើទំនើបកម្មនិងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិច្បាប់គឺជាកិច្ចការដែលមិនអាចខ្វះបាន គឺជាការបំពេញបន្ថែមនូវចន្លោះប្រហោងនៃវិជ្ជាជីវៈដើម្បីធានាថាអ្នកសារព័ត៌មានត្រូវបានការពារក្នុងលំហរថ្មីនេះ។
នេះជាការថ្លែងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងពេលធ្វើជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកសន្និសីទស្តីពីសេរីភាពសារព័ត៌មាន ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការលើកកម្ពស់ ប្រព័ន្ធផ្សព្វផ្សាយសេរី និងមានទំនួលខុសត្រូវសម្រាប់សន្តិភាព និងការអភិវឌ្ឍ» ។
សន្និសីទនេះរៀបចំដោយ ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមសុីវិលចំនួន ១៣ ធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នារាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មាន អ្នកធ្វើគោលនយោបាយ អ្នកជំនាញ ឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដៃគូអភិវឌ្ឍន៍ យុវជន និស្សិតមកពីបណ្តាសាកលវិទ្យាល័យ អង្គការសង្គមស៊ីវិលនានា និងឯកអគ្គរាជទូត រដ្ឋទូត តំណាងមកពីស្ថានទូតនានាក្នុងព្រះរាជាណាចក្រកម្ពុជា ប្រមាណ ១៥០នាក់។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកឡើងថា សម្រាប់សន្និសីទនាឱកាសនេះ បានផ្តល់នូវការយល់ដឹងបន្ថែមទៀតសម្រាប់អ្នកសារព័ត៌មានដែលជាតួអង្គក្នុងវិស័យព័ត៌មាន និងសាធារណជនក្នុងការទទួលព័ត៌មាននិងស្វែងយល់ការពិតអំពីការអនុវត្តការងាររបស់អ្នកសារព័ត៌មាននិងលំហសេរីភាពនៅកម្ពុជា ជាមួយវឌ្ឍនភាពវិជ្ជមានដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការស្ទង់មតិបែបវិទ្យាសាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ជូនពីបច្ចុប្បន្នភាពស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន សណ្តាប់ធ្នាប់សារព័ត៌មាន និងការអនុវត្តការងារក្នុងវិស័យព័ត៌មានមានភាពល្អប្រសើរ ហើយការវាយតម្លៃលើស្ថានភាពសេរីភាពក៏ជាការវាស់វែងសុខភាពនៃវិស័យសារព័ត៌មាន ពិសេសអំពីការរីកចម្រើន បញ្ហាប្រឈមនិងចំណុចដែលត្រូវកែលម្អក្នុងវិស័យនេះ គឺដើម្បីធានាថាការអភិវឌ្ឍក្នុងវិស័យព័ត៌មាននិងសោតទស្សន៍មានទិសដៅច្បាស់លាស់ប្រកបដោយបរិយាកាសល្អមានសុវត្ថិភាពសម្រាប់ការអនុវត្តការងារ។
លទ្ធផលទាំងនេះគឺជាភស្តុតាងរឹងមាំមួយដែលបានឆ្លុះបញ្ចាំងពីបរិយាកាសការងារប្រកបដោយភាពអំណោយផលនិងការគាំពារពីក្រសួងព័ត៌មាន រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មានដោយភ្ជាប់ទៅនឹងបុព្វហេតុសិទ្ធិមនុស្សការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងការរក្សាសន្តិសុខជាតិ។

នៅក្នុងដំណើរការនៃសន្និសីទស្តីពីសេរីភាពសារព័ត៌មានធ្វើឡើងពេញ១ថ្ងៃនេះ គឺមានកិច្ចពិភាក្សាសំខាន់ចំនួនបីផ្តោតលើសារសំខាន់នៃក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ ការរាយការណ៍ក្នុង អំឡុងពេលមានវិបត្តិ និងការវិវឌ្ឍនៃបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិស័យសារព័ត៌មាន ៕