ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងឯកឧត្តមអភិបាលខេត្ត ម៉ាង ស៊ីណេត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ផ្លូវតាមបណ្តោយឆ្នេរកែវផុស១ ក្នុងស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អមដំណើរដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការដ្ឋានសាងសង់ផ្លូវថ្មីមួយខ្សែ តាមបណ្តោយឆ្នេរកែវផុស១។

ខ្សែផ្លូវដែលកំពុងស្ថិតក្នុងដំណើរការសាងសង់នេះ មានប្រវែងសរុប ៣,៧០០ម៉ែត្រ ទទឹង ២០ម៉ែត្រ និងរក្សារទុកចំណីផ្លូវម្ខាងៗ ១០ម៉ែត្រ (សរុបទទឹងផ្លូវ ៤០ម៉ែត្រ) ដែលមានទីតាំង តភ្ជាប់តាមបណ្តោយឆ្នេរកែវផុស១ ស្ថិតក្នុងភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូន សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងប្រែក្លាយតំបន់ឆ្នេរឱ្យទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។

គួរបញ្ជាក់ដែលថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់នេះ គឺជាការឆ្លើយតបទៅនិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាសំដៅជំរុញ ប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស ឧស្សហកម្មពហុបំណង។ តាមរយះការកសាងផ្លូវតាមតំបន់ឆ្នេរនេះគឺជាការតភ្ជាប់រវាងស្រុកស្រែអំបិល ខេត្តកោះកុង ទៅនិងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាពិសេសស្រុកស្ទឹងហាវ ត្រូវបានកំណត់ជាតំបន់ឧស្សាហកម្មដែលមានសក្ដានុពលនៃខេត្តព្រះសីហនុ។

ការចុះពិនិត្យផ្ទាល់របស់អ្នកដឹកនាំនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍនៅមូលដ្ឋាន។ ប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវ បានសម្តែងនូវក្តីត្រេកអរជាខ្លាំងចំពោះសមិទ្ធផលផ្លូវថ្មីនេះ ដែលនឹងជួយផ្លាស់ប្តូរមុខមាត់ភូមិឋានរបស់ពួកគាត់ឱ្យកាន់តែមានការអភិវឌ្ឍ និងមានភាពស៊ីវិល័យនាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ: កញ្ញា មឿន ស្រីមុំ