សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បូកសរុបលទ្ធផលការងារត្រីមាសទី១ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រថ្មី

ខេត្តព្រះសីហនុ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ដើម្បីពិនិត្យលើសមិទ្ធផលសម្រេចបាន និងលើកទិសដៅការងារបន្តសម្រាប់ពង្រឹងចលនាស្ត្រីក្នុងខេត្ត។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត និង លោកស្រី ម៉ាក សំណាង ប្រធានសាខាសមាគមនារីខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវអនុប្រធាន លោកជំទាវ លោកស្រី ជាសមាជិកានៃគណៈកម្មការសាខាសមាគមនារីខេត្ត សរុបប្រមាណ ៥០ រូប។

ក្នុងអង្គប្រជុំ លោកស្រី ម៉ាក សំណាង បានបង្ហាញពីរបាយការណ៍សកម្មភាពដែលសមាគមសម្រេចបានក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះ ដែលក្នុងនោះរួមមានការងារចុះជួយសហគមន៍ ការលើកកម្ពស់សិទ្ធិស្ត្រី និងការចូលរួមក្នុងកិច្ចការមនុស្សធម៌នានា។ អង្គប្រជុំក៏បានឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីឱ្យការងារក្នុងត្រីមាសបន្តបន្ទាប់កាន់តែមានប្រសិទ្ធភាព។

លោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត បានកោតសរសើរចំពោះស្មារតីលះបង់របស់សមាជិកាទាំងអស់ និងបានផ្ដល់នូវអនុសាសន៍ណែនាំសំខាន់ៗចំនួន ៥ ចំណុច ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តការងារ៖

១. ស្មារតីម្ចាស់ការគឺត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមទទួលខុសត្រូវ ដើម្បីរុញច្រានសមាគមឱ្យមានការរីកចម្រើនជាលំដាប់។

២. សាមគ្គីភាព បន្តពង្រឹងកម្លាំងសាមគ្គីភាពផ្ទៃក្នុង បង្កើតភាពស្និទ្ធស្នាល និងចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនាក្នុងអង្គភាព។

៣. បន្តស្វែងរក និងកៀគរហិរញ្ញវត្ថុ ក៏ដូចជាធនធានពីសប្បុរសជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌របស់សមាគម។

៤. ត្រូវផ្លាស់ប្តូរការគិតពីអវិជ្ជមានមកជាវិជ្ជមានវិញ ដើម្បីរួមគ្នាជួយសង្គមជាតិឱ្យរីកចម្រើន។

៥. ថាមពលនៃកិច្ចសហការ ស្ត្រីគឺជាចលនាស្នូលនៃសង្គមជាតិ “បើយើងរួមគ្នា យើងខ្លាំង បើយើងគាំទ្រគ្នា យើងមានការរីកចម្រើន”។

លោកជំទាវបានមានប្រសាសន៍បន្តរទៀតថា រដ្ឋបាលនីមួយៗ តាំងពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋាន រួមទាំងសមាគមនារីរបស់យើងផង គឺជាមេទ័ពដែលត្រូវអនុវត្តតួនាទីភារកិច្ចឱ្យមានប្រសិទ្ធភាព និងមានគំនិតនវានុវត្តន៍ខ្ពស់។ 

ជាកិច្ចបញ្ចប់ លោកជំទាវប្រធានកិត្តិយសបានសង្កត់ធ្ងន់ថា សមាគមនារីត្រូវតែជាកម្លាំងចលករដ៏សកម្មក្នុងការគាំទ្ររាជរដ្ឋាភិបាល ដើម្បីសម្រេចនូវចក្ខុវិស័យក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ នៃនីតិកាលទី ៧ នេះ។

លោកជំទាវក៏បានជូនពរដល់សមាជិកាសមាជិកាទាំងអស់ឱ្យទទួលបានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច បន្តបេសកកម្មបម្រើជាតិ និងប្រជាជនក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែរុងរឿងបន្ថែមទៀត៕

សម្រួលអត្ថបទ : មឿន ស្រីមុំ