មន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាស៊ីនវះកាត់បាត លលាដ៍ខួរក្បាល សម្រាប់ព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ

ភ្នំពេញ៖ នៅមន្ទីរពេទ្យព្រះអង្គឌួង នារសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាស៊ីនវះកាត់បាត លលាដ៍ខួរក្បាល សម្រាប់ព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ  ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងមានការចូលរួមពីវេជ្ជបណ្ឌិតជំនាញឯកទេសជាច្រើនរូបផ្សេងទៀត ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា មន្ទីរពេទ្យបានដាក់ឱ្យប្រើប្រាស់មានដូចជា អឹមរ៉ៃ ១.៥ តេស្លា ,ម៉ាស៊ីនCT-scan 160slice ។ ឯកឧត្តមសាស្ត្រាចារ្យរងបន្តថា រូបភាពវេជ្ជសាស្ត្រាគឺមានច្រើន ដែលសព្វថ្ងៃមន្ទីរពេទ្យបានដាក់ដំណើរចំនួន៣រួចមកហើយ និងដាក់បន្ថែម១ទៀត ដូច្នេះយើងមានចំនួន៤ ប៉ុន្តែម៉ាស៊ីនថ្ងៃនេះមានទំហំធំ រហូតដល់១៦០ slice ។ជាមួយគ្នានេះ ម៉ាស៊ីនអឹមរ៉ៃ ក៏ដាក់ក្នុងកម្រឹតខ្ពស់ដែរ ។

ឯកឧត្តមសាស្ត្រាចារ្យរងសង្ឃឹមថា ក្រោយដាក់រូបភាពវេជ្ជសាស្ត្រទាំងពីរនេះ ដើម្បីឱ្យការស្វែងរករោគវិនិច្ឆ័យឱ្យកាន់តែសុក្រឹតភាព និងប្រសិទ្ធភាព ។ ម៉ាស៊ីនទាំងពីរនេះ និងធ្វើឱ្យការស្វែងរករោគផ្នែកច្រមុះ មាត់ បំពង់ករ ការវះកាត់ខួរក្បាលកាន់តែមានកម្រិតខ្ពស់ ព្រោះផ្នែកទាំងអស់មានទំនាក់ទំនងជាមួយគ្នា ។

ទន្ទឹមនឹងឧបករណ៍ទំនើប និងវេជ្ជបណ្ឌិតជំនាញ ឯកឧត្តមសាស្ត្រាចារ្យ លូ លីឃាង ក៏សង្ឃឹមថានិងមានវេជ្ជបណ្ឌិតស្នងបន្តបន្ទាប់សម្រាប់អ្នកជំនាញ គឺស្នងទាំងចំណេះវិជ្ជា ស្នងទាំងថ្នាក់ដឹកនាំ ។កក្តានេះហើយ ដែលធ្វើឱ្យមន្ទីរពេទ្យព្រះអង្គឌួងខ្លាំង ដែលពី១០ឆ្នាំមុនមានអ្នកជំងឺ១៣០ ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះមានរហូតដល់ជាង៣០០០នាក់ ។

ជាមួយគ្នានេះ វេជ្ជបណ្ឌិតជំនាញឯកទេសបាន លើកឡើងថា ម៉ាស៊ីនទាំង៣នេះ បង្ហាញឱ្យឃើញការអភិវឌ្ឍនៃវិស័យសុខាភិបាល ហើយម៉ាស៊ីននេះ ជួយឱ្យការសម្រេចចិត្ត របស់គ្រូពេទ្យបានរហ័សជាងមុន និងប្រសិទ្ធភាពជាងមុន ជាពិសេសម៉ាស៊ីនវះកាត់បាតខួរក្បាលជាម៉ាស៊ីនទំនើបមួយដែលចូលរួមព្យាបាលដោយគ្រូពេទ្យឯកទេស ផ្សេងៗគ្នាក្នុងការវះកាត់នៅដុំបាតលលាដ៍ខួរក្បាល ។ ការវះបែបនេះ គឺកាត់បន្ថយការហូរឈាម វះមុខរបួសតូច រយៈពេលនៃការជាសះស្បើយឆាប់ជាងមុខផងដែរ ។

សូមបញ្ជាក់ថា មន្ទីរពេទ្យព្រះអង្គឌួង ជាមន្ទីរពេទ្យមានឯកទេសជំនាញខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺដូចជាអ្នកជំងឺភ្នែក ច្រមុះ បំពង់ក និងខួរក្បាល និងជំនាញផ្សេងទៀតយ៉ាងមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីអ្នកជំងឺ ក្នុងការស្វែងរកសេវាព្យាបាលជំងឺរបស់ខ្លួន ៕