ឯកឧត្តម ឈួរ សុបញ្ញា : ការបំបួសកុលបុត្ររយៈពេលខ្លី គឺជាផ្នែកមួុយនៃមូលដ្ឋានកសាងសីលធម៌យុវជន និងអនាគតសង្គមខ្មែរ ដូចទស្សនៈថា « ការកសាងសីលធម៌យុវជននៅថ្ងៃនេះ គឺជាការពារសង្គមនៅថ្ងៃស្អែក»

ខេត្តសៀមរាប-នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកម្មវិធីបំបួសកុលបុត្រកុលធីតា ចំនួន ៣២៨ រូប នៅ វត្តព្រះឥន្ទទេព ក្នុងតំបន់ប្រាសាទបាយ័ន ខេត្ត សៀមរាប។ កម្មវិធីនេះ ត្រូវបានរៀបចំក្រោមប្រធានបទ “សេចក្តីល្អក្នុងសង្គម នៃកុលបុត្រខ្មែរ” ដែលមានគោលបំណងបណ្តុះសីលធម៌ និងលើកកម្ពស់សុខភាពផ្លូវចិត្តដល់ភិក្ខុសង្ឃ សាមណេរ និងពុទ្ធបរិស័ទជាច្រើន។

ឯកឧត្តមបានលើកឡើងថា ការបំបួសកុលបុត្រ និងការអប់រំសីលធម៌ក្នុងរយៈពេលខ្លី គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតសង្គមខ្មែរ ព្រោះការកសាងមនុស្សដែលមានសីលធម៌ វិន័យ និងមេត្តាករុណា គឺជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដូចដែលសារសំខាន់មួយបានលើកឡើងក្នុងវេទិកានេះ៖ “ការកសាងសីលធម៌យុវជននៅថ្ងៃនេះ គឺជាការពារសង្គមនៅថ្ងៃស្អែក”។ការអប់រំមនុស្ស មិនអាចផ្អែកតែលើចំណេះដឹងបច្ចេកទេស ឬជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្អែកលើមូលដ្ឋានសីលធម៌ និងការបណ្តុះចិត្តផងដែរ។ ប្រសិនបើយុវជនមានតែជំនាញ ប៉ុន្តែខ្វះសីលធម៌ នោះការអភិវឌ្ឍន៍សង្គមអាចក្លាយជាការរីកចម្រើនដែលគ្មានទិសដៅ និងគ្មានសុចរិតភាព។ ការបំបួសកុលបុត្រ ត្រូវបានពិចារណាថាជាគន្លងបណ្តុះ “វិន័យខាងក្នុង” ដែលមានសារៈសំខាន់ជាងវិន័យខាងក្រៅ។ ក្នុងជីវិតសាមណេរ យុវជនត្រូវអនុវត្តតាមវិន័យយ៉ាងតឹងរ៉ឹង ដូចជា ការគោរពពេលវេលា ការសិក្សាព្រះធម៌ ការធ្វើសមាធិ និងការរស់នៅដោយសាមញ្ញ។ ការអនុវត្តទាំងនេះ បង្កើតការគ្រប់គ្រងខ្លួនឯង និងបណ្តុះស្មារតីអត់ធ្មត់ ដែលជាគុណលក្ខណៈមូលដ្ឋានសម្រាប់មនុស្សល្អក្នុងសង្គម។ លើសពីនេះ ការអប់រំសីលធម៌តាមរយៈព្រះពុទ្ធសាសនា ក៏មានតួនាទីសំខាន់ក្នុងការបណ្តុះមេត្តាករុណា និងការយល់ដឹងអំពី “ហេតុ និងផល”។ យុវជនដែលយល់ដឹងអំពីច្បាប់ធម្មជាតិនេះ នឹងអាចវាយតម្លៃអំពើរបស់ខ្លួនបានយ៉ាងត្រឹមត្រូវ និងជៀសវាងអំពើអាក្រក់ដែលប៉ះពាល់ដល់ខ្លួនឯង និងសង្គម។

ឯកឧត្តមបន្តទៀតថា ជាក់ស្តែង ក្នុងបរិបទសង្គមសព្វថ្ងៃ ដែលមានបញ្ហាដូចជា អំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងការបាត់បង់ទិសដៅជីវិតក្នុងយុវជន ការបំបួសក្នុងរយៈពេលខ្លីក្លាយជាវិធីសាស្ត្រសង្គមមួយក្នុងការកាត់បន្ថយបញ្ហាទាំងនេះ។ ទោះបីជារយៈពេលខ្លី ក៏អាចបង្កើតការប្រែប្រួលផ្លូវចិត្ត និងបង្កើតគំនិតថ្មីៗសម្រាប់ជីវិតបាន ប្រសិនបើមានការបណ្តុះបណ្តាលប្រកបដោយគុណភាព។ យ៉ាងណាក៏ដោយ ការបំបួសមិនគួរត្រូវបានកំណត់ត្រឹមជាពិធីការទេ។ ប្រសិនបើគ្មានការរៀបចំមាតិកាបង្រៀនច្បាស់លាស់ និងគ្មានការតាមដានក្រោយពេលសឹក វានឹងបាត់បង់ប្រសិទ្ធភាពជាការបណ្តុះមនុស្ស។