លោកប្រធានាធិបតី Trump ថ្លែងអបអរសាទរចំពោះការរឹតចំណងវប្បធម៌ជាមួយចក្រភពអង់គ្លេសក្នុងពិធីជប់លៀងថ្វាយចំពោះព្រះមហាក្សត្រ Charles ទី៣
ព្រះមហាក្សត្រ Charles ទី៣ បានយាងចូលរួមក្នុងពិធីផ្លូវការដ៏ធំបំផុតមួយក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារនេះ ខណៈដែលព្រះអង្គបានព្យាយាមសង្កត់ធ្ងន់លើចំណងមិត្តភាពរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលរឹងមាំខ្លាំងរហូតដល់អាចទប់ទល់នឹងភាពចលាចលផ្នែកនយោបាយសកលនាពេលបច្ចុប្បន្ននេះបានយ៉ាងរលូន។ ព្រះមហាក្សត្រចក្រភពអង់គ្លេស ដែលអមព្រះរាជដំណើរដោយម្ចាស់ក្សត្រី Camilla ដោយបានចាប់ផ្តើមថ្ងៃដំបូងរបស់ព្រះអង្គដោយយាងចូលរួមក្នុងកិច្ចប្រជុំនៅសេតវិមានជាមួយលោកប្រធានាធិបតី Donald Trump។ បន្ទាប់មកព្រះមហាក្សត្របានថ្លែងទៅកាន់សភាសហរដ្ឋអាមេរិក ជាលើកដំបូងសម្រាប់សភាអាម៉េរិកក្នុងនាមជាព្រះមហាក្សត្សអង់គ្លេស បន្ទាប់ពីព្រះរាជវត្តមាននៃព្រះមហាក្សត្រី Elizabeth ទី២ ក្នុងឆ្នាំ ១៩៩១មក។ លោក Trump បានរៀបចំពិធីជប់លៀងថ្នាក់រដ្ឋដ៏មហោឡាឬកថ្វាយជូនគូស្វាមីភរិយាខ្សែរាជវង្សដ៏ខ្ពង់ខ្ពស់មួយគូនេះ នៅក្នុងបន្ទប់ខាងកើតនៃសេតវិមាន។ ភ្ញៀវចូលរួមជាថ្នាក់កំពូលៗប្រហែលជា១៣០នាក់បានអង្គុយជាជួរជាមួយតុដ៏វែងចំនួន២ ដែលបានតុបតែងឡើងដោយផ្កាភ្ញីកំពស់ទាបៗសមល្មមនិងស្រស់ស្អាត។ លោក Trump បានមានប្រសាសន៍ថា “សង្គ្រាមដោយឯករាជ្យរបស់ពួកយើងដែលបានប្រយុទ្ធតស៊ូ មិនមែនធ្វើឡើងដើម្បីបផ្លាញបេតិកភណ្ឌអ្វីនោះទេ ប៉ុន្តែពួកយើងធ្វើដើម្បីទាមទារយកវាមកវិញ និងធ្វើឱ្យវាកាន់តែល្អឥតខ្ចោះជាងមុនដែរ” ដោយលោកបានពិពណ៌នាភ្ជាប់អំពីការបង្កើតទឹកដីអាមេរិកជាមួយគ្នាដែរ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា «ទោះបីជាចំណងនយោបាយរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសត្រូវបានរំលាយចោលជារៀងរហូតក៏ដោយ ប៉ុន្តែពួកគេបានគិតរួមគ្នាកាលពីនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ថាចំណងដ៏មានឥទ្ធិពលជាងចំណងនយោបាយនេះគឺនៅតែមានសម្រាប់ការចងចាំ ដូចជាចំណងវប្បធម៌ និងអត្តសញ្ញាណបានបង្ហាញជាថ្មីទៀតថា គ្មានអ្វីអាចបំបែកពួកគេបានឡើយ ទោះក្នុងជម្លោះណាមួយ ហើយវាបានរីកចម្រើនទៅមុខ ក្លាយជាមិត្តភាពដ៏រឹងមាំខុសពីអ្វីផ្សេងៗទៀតនៅលើភពផែនដីនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



