លោកនាយករដ្ឋមន្រ្តី Netanyahu បញ្ជាក់ថាអ៊ីស្រាអែលបានបំផ្លាញបណ្តាញផ្លូវរូងក្រោមដីរបស់ក្រុម Hezbollah នៅភាគខាងត្បូងលីបង់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា យោធារបស់លោកបានបំផ្ទុះបណ្តាញផ្លូវរូងក្រោមដីរបស់ក្រុម Hezbollah នៅក្នុងតំបន់ Qantara ភាគខាងត្បូងប្រទេសលីបង់ហើយ។ អ្នកស្ទង់មតិលើបញ្ហាភូគព្ភសាស្ត្ររបស់អ៊ីស្រាអែលបាននិយាយថា ការបំផ្ទុះនេះមានឥទ្ធិពលខ្លាំង រហូតដល់វាត្រូវបានចុះបញ្ជីថាជា “ហេតុការណ៍រញ្ជួយដ៏ខ្លាំង ដូចរញ្ជួយដី”។ លោក Netanyahu បាននិយាយថា “យើងបានបំផ្ទុះផ្លូវរូងក្រោមដីរបស់ក្រុមភេរវកម្ម Hezbollah ដ៏ធំមួយនៅថ្ងៃនេះ។ យើងកំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវកម្មរបស់ពួកគេ យើងកំពុងសម្លាប់ភេរវកររាប់សិបនាក់របស់ពួកគេដែរ ហើយយើងនៅតែបន្តធ្វើវា”។ នាយករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ទៀតថា លោកបានបញ្ជាឱ្យមានការវាយប្រហារប្រឆាំងនឹងគម្រោងយន្តហោះគ្មានមនុស្សបើករបស់ក្រុម Hezbollah ដោយបន្ថែមថា “វានឹងត្រូវការពេលវេលា ប៉ុន្តែយើងនឹងបំផ្ទុះវាដដែល”។ កងទ័ពបាននិយាយថា បណ្តាញនេះរួមមានផ្លូវរូងក្រោមដីធំៗចំនួនពីរ – ដោយមួយមានប្រវែងប្រហែល ៨០០ម៉ែត្រ និងមួយទៀតមានប្រវែង ១.២ គីឡូម៉ែត្រ – ដែលបានបំពាក់ដោយមានទាំងបន្ទប់គេង បង្គន់ ផ្ទះបាយ និងកាំភ្លើងបាញ់ដែលតម្រង់ទៅកាន់រដ្ឋអ៊ីស្រាអែលរួចជាស្រេច។ ពួកគេបានចេញផ្សាយរូបថត និងរូបភាពវីដេអូ នូវអ្វីដែលខ្លួននិយាយថាជាផ្លូវរូងក្រោមដីរបស់ក្រុមបង្កប់ខ្លួនជាភេរវករ។ មន្ត្រីយោធាអ៊ីស្រាអែលម្នាក់បាននិយាយថា បណ្តាញនេះរួមមានបន្ទប់ធំៗ ដែលអ្នកប្រយុទ្ធ Hezbollah ជាង ១០០នាក់អាចប្រមូលផ្តុំគ្នាក្នុងពេលតែមួយបាន។ លោកក៏បាននិយាយផងដែរថា វាលាតសន្ធឹងនៅផ្នែកខាងក្រោម និងតាមបណ្តោយវិហារអ៊ីស្លាម សាលារៀន និងទីលានបាល់ទាត់។ ទីក្រុងនេះមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីព្រំដែនអ៊ីស្រាអែល នេះជាអ្វីដែលមន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌអនាមិកក្រោមច្បាប់ណែនាំពីយោធា។ អ៊ីស្រាអែលបានរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិចំពោះការបំផ្លាញផ្ទះសម្បែង និងអគារជាច្រើននៅក្នុងទីក្រុងនៃប្រទេសលីបង់ និងនៅក្បែរព្រំដែន។ ពួកគេបាននិយាយថាក្រុម Hezbollah បានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដើម្បីលាក់អាវុធ និងលាក់ខ្លួនអ្នកប្រយុទ្ធរបស់ពួកគេដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក  Katz បាននិយាយថា កងទ័ពត្រូវបានណែនាំឲ្យអនុវត្តន៍ភ្លាមដោយបំផ្លាញគ្រប់ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម Hezbollah ណាមួយនៅពេលដែលរកឃើញភ្លាមៗនាភាគខាងត្បូងប្រទេសលីបង់ “ឲ្យដូចនៅហ្គាហ្សាដែរ”៕

សម្រួលអត្ថបទ៖ សុផារិន្ទ