ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ជំរុញកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន ដើម្បីប្រែក្លាយខេត្តទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងទេសចរណ៍កម្រិតតំបន់
ខេត្តព្រះសីហនុ៖ ក្នុងស្មារតីពង្រឹងទំនាក់ទំនង និងពង្រីកសក្តានុពលសេដ្ឋកិច្ចឱ្យកាន់តែរីក ចម្រើន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម SHI ZHONGJUN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន គោលបំណងលើកកម្ពស់ការវិនិយោគ និងវិស័យទេសចរណ៍ឱ្យកាន់តែរឹងមាំ។
ក្នុងជំនួបដ៏ស្និទ្ធស្នាលនេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីភាពលេចធ្លោរបស់ខេត្តព្រះសីហនុ ដែលមិនត្រឹមតែជាសមាជិកនៃក្លឹបឆ្នេរដែលស្អាតបំផុតប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ប៉ូលសេដ្ឋកិច្ចពហុបំណង» តាមរយៈ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដោយឥតចន្លោះ ការអភិវឌ្ឍកំពង់ផែទឹកជ្រៅ (ដំណាក់កាលទី៣ ឆ្នាំ២០៣០) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិ ដែលមានសមត្ថភាពទទួលជើងហោះហើរត្រង់ពីប្រទេសចិន។ គោលនយោបាយទាក់ទាញវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកញ្ចប់លើកទឹកចិត្តផ្នែកពន្ធដារយ៉ាងពិសេស សម្រាប់អ្នកវិនិយោគដែលមកតាំងមូលដ្ឋានក្នុងខេត្ត ដើម្បីជំរុញវិស័យឧស្សាហកម្ម និងភស្តុភារកម្ម។ តាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងប្រវត្តិសាស្ត្រដែលបានវិវត្តទៅជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលផ្ដល់ផលប្រយោជន៍យ៉ាងធំធេងដល់ការអភិវឌ្ឍខេត្តព្រះសីហនុ។
ជាការឆ្លើយតប ឯកឧត្តម SHI ZHONGJUN បានបង្ហាញនូវការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងរហ័សរបស់ខេត្តព្រះសីហនុ។ ឯកឧត្តមបានបញ្ជាក់ថា មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងដើរតួនាទីយ៉ាងសំខាន់ជា «ស្ពានតភ្ជាប់» លើវិស័យសំខាន់ៗចំនួន ៣៖
១. ជំរុញការហូរចូលនៃភ្ញៀវទេសចរចិនមកកាន់តំបន់អាស៊ាន ជាពិសេសមកកាន់ខេត្តព្រះសីហនុ ដែលជាគោលដៅមានសក្តានុពលខ្ពស់។
២. ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ក្នុងបរិបទនៃការរីកចម្រើនផ្នែកឌីជីថល ការបណ្តុះបណ្តាលជំនាញ និងការប្រើប្រាស់គ្រឿងចក្រទំនើបក្នុងវិស័យកសិកម្ម គឺជាអាទិភាព។
៣. មជ្ឈមណ្ឌលនឹងសម្របសម្រួលឱ្យអ្នកវិនិយោគចិនដែលមានសក្តានុពល មកស្វែងយល់ពីឱកាសអាជីវកម្មនៅក្នុងខេត្តព្រះសីហនុផ្ទាល់។
ឯកឧត្តមអគ្គលេខាធិការបានលបញ្ជាក់ថា ទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរគឺជា «ឆ្អឹងខ្នង» នៃកិច្ចសហប្រតិបត្តិការ។ មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងបន្តផ្សព្វផ្សាយពីភាពទាក់ទាញរបស់ខេត្តព្រះសីហនុទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក ដើម្បីធានាថាខេត្តនេះនឹងក្លាយជាចំណុចកណ្ដាលនៃពាណិជ្ជកម្ម និងទេសចរណ៍ដ៏រស់រវើកបំផុត៕
អត្ថបទ៖ មន សូត្រ
រូបភាព៖ ជោត



