គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តតាមរបៀបវារៈសំខាន់ៗមួយចំនួន។

ជាលទ្ធផល កិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យ សិក្សា ក្នុងនោះមាន ទី១ សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។ សេចក្តីព្រាងច្បាប់នេះ គណៈកម្មាធិការអចិន្រ្តៃយ៍សម្រេចប្រគល់ជូន គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

សេចក្តីព្រាងច្បាប់ទី២ គឺសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។ សេចក្តីព្រាងច្បាប់នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ជូន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕