ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងថា ការចុះបញ្ជីដីធ្លី គឺជាគ្រឹះនៃសន្តិសុខសេដ្ឋកិច្ចគ្រួសារ ហើយប័ណ្ណកម្មសិទ្ធិ មិនមែនត្រឹមតែជាក្រដាសទេ ប៉ុន្តែជាអនាគតរបស់ប្រជាពលរដ្ឋ,

រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន និងបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការដាក់ចុះនូវគោលនយោបាយដីធ្លី។ គោលនយោបាយដីធ្លី គឺជាគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ និងជម្លោះ។ គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល មានគោលបំណងសំខាន់ៗ៖ ធានាសិទ្ធិកាន់កាប់ដីធ្លីច្បាស់លាស់ ដល់ប្រជាពលរដ្ឋ, កាត់បន្ថយជម្លោះដីធ្លី, គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងការវិនិយោគ, គ្រប់គ្រង និងប្រើប្រាស់ដីធ្លីយ៉ាងមានប្រសិទ្ធភាព និងចីរភាព។ 

ការថ្លែងនូវចំណុចសំខាន់ៗខាងលើនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ( បណ្ណកម្មសិទ្ធិ ) ជូនប្រជាពលរដ្ឋដែលមានក្បាលដី ចំនួន ៣,៨២០ ក្បាលដី ស្មើនឹង ២,៣៤០ គ្រួសារ ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា កត្តាសុខសន្តិភាព ដែលនាំឱ្យកម្ពុជាយើងអាចធ្វើកំណែទម្រង់ ការចុះបញ្ជីដីធ្លីក្នុងគោលបំណងចម្បង៖ បង្កើតភាពច្បាស់លាស់ផ្នែកច្បាប់ កំណត់ម្ចាស់ដីពិតប្រាកដកាត់បន្ថយការលួចកាន់កាប់ ឬជម្លោះ។ ការពារសិទ្ធិប្រជាពលរដ្ឋមិនអាចបណ្តេញចេញដោយគ្មានមូលហេតុត្រឹមត្រូវ មានឯកសារផ្លូវច្បាប់គាំទ្រ។  គាំទ្រសេដ្ឋកិច្ច អាចយកប័ណ្ណកម្មសិទ្ធិទៅធានាឥណទាន ជំរុញវិនិយោគ និងអភិវឌ្ឍដី ។ ទន្ទឹមនេះ ការគ្រប់គ្រងរដ្ឋ ងាយស្រួលក្នុងការធ្វើផែនទី និងគ្រប់គ្រងធនធានដី គាំទ្រការធ្វើផែនការអភិវឌ្ឍជាតិ៕