ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ៖ ការលើកកម្ពស់គុណភាពសេវាសុខាភិបាលជាវិធានការគន្លឹះ១ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចុះដើម្បីពង្រឹងសមត្ថភាពនិងផ្តល់សេវាសុខភាពនៅមូលដ្ឋានកាន់តែល្អប្រសើរ
ឯកឧត្តមប្រធានក្រុមការងារបានគូសបញ្ជាក់ថា ដោយមានការគិតគូរខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខុមាលភាពប្រជាពលរដ្ឋ បច្ចុប្បន្ននេះ នៅតាមមណ្ឌលសុខភាពមានការផ្តល់នូវឱសថសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម និងសម្ពាធឈាម។
នេះជាប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យអគារមណ្ឌលសុខភាពពង្រថ្មី ស្រុកឆ្លូង ខេត្តក្រចេះ ជាអំណោយអង្គការសប្បុរសជន រដ្ឋកូវ៉ែត នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។
ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ហើយទទួលបានការពេញចិត្ត និងជំនឿទុកចិត្តាពីប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម ប្រធានបានគូសបញ្ជាក់ថា មណ្ឌលសុខភាពពង្រ និងមណ្ឌលសុខភាពដ៏ទៃទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើសេវាសុខភាពបឋមនៅក្នុងមូលដ្ឋាន ។ ឈរលើភាពចាំបាច់ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការទទួលសេវាសុខាភិបាលដែលមានគុណល្អ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម នៅមូលដ្ឋានដោយផ្តោតជាចម្បងលើការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក,ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការមុខងារស្ថាប័ន និងការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕



