លោកប្រធានាធិបតី Trump រួចផុតពីគ្រោះថ្នាក់ដល់ជីវិតដោយសារខ្មាន់កាំភ្លើងជាលើកទី៣ នៅក្នុងពិធីជួបជុំទទួលទានអាហារជាមួយអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំឆ្នាំ

អ្នកកាសែតម្នាក់ដែលចូលរួមពិធីជប់លៀងនៅក្នុងកម្មវិធីរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន បានថតជាប់ក្នុងពេលវេលាដែលខ្មាន់កាំភ្លើងម្នាក់បានព្យាយាមសម្រុកចូលទៅក្នុងសាលរបាំ ជាទីកន្លែងដែលលោកប្រធានាធិបតី Donald Trump និង មន្ត្រីរដ្ឋបាល អ្នកយកព័ត៌មាន និងនាយកប្រតិបត្តិព័ត៌មានកំពុងទទួលទានអាហារជុំគ្នា។ រូបភាពវីដេអូរបស់អ្នកនាង Laura Haim បានបង្ហាញពីភាពវឹកវរ ខណៈដែលទីភ្នាក់ងារបានជម្លៀសនាំយករដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth និងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent ចេញពីសាលនោះ ខណៈដែលគេប្រកាសថាសូមឲ្យភ្ញៀវទាំងអស់ក្រាបចុះក្រោម និង រកកន្លែងលាក់ខ្លួនទាំងនៅលើកម្រាលឥដ្ឋ និងនៅក្រោមតុជាដើម។ អ្នកនាង Haim បានកំណត់អត្តសញ្ញាណខ្លួនឯងនៅលើគេហទំព័រ LinkedIn របស់នាងថាជាអ្នកឆ្លើយឆ្លងព័ត៌មានបរទេស និងជាប្រធានការិយាល័យសហរដ្ឋអាមេរិកសម្រាប់ទូរទស្សន៍បារាំង BFM TV។ ជនសង្ស័យដែលត្រូវកំណត់អត្តសញ្ញាណដោយមន្ត្រីអនុវត្តច្បាប់ មានឈ្មោះថា Cole Tomas Allen អាយុ៣១ឆ្នាំ មកពី Torrance រដ្ឋ California នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ។ មេដឹកនាំស្តីទីនៃក្រសួងយុត្តិធម៌លោក Todd Blanche បាននិយាយថា ជនសង្ស័យបានធ្វើដំណើរតាមរថភ្លើងពីរដ្ឋ California ហើយបានចូលស្នាក់នៅជាភ្ញៀវកាលពីប៉ុន្មានថ្ងៃមុននៅសណ្ឋាគារ Washington ជាកន្លែងដែលត្រូវរៀបចំពិធីជប់លៀងអាហារពេលល្ងាចនោះដែរ។ រូបលោកប្រធានាធិបតី Donald Trump ត្រូវបានគេរាយការណ៍ថា មិនមានរងរបួសអ្វីនោះទេ ហើយមេដឹកនាំកំពូលៗផ្សេងទៀតរបស់សហរដ្ឋអាមេរិក ត្រូវបានគេជម្លៀសចេញពីពិធីជប់លៀងប្រចាំឆ្នាំរបស់អ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាននោះយ៉ាងរហ័សផងដែរ បន្ទាប់មានការគំរាមកំហែងដោយស្នូរកំាភ្លើង បន្ទាប់ពីខ្មាន់កាំភ្លើងនោះបានបើកការបាញ់ប្រហារយ៉ាងកំរោល។ សាក្សីជាច្រើនបានរៀបរាប់ថាពួកគេពិតជាបានឮ ស្នូរគ្រាប់កាំភ្លើងជាប់ៗគ្នាពី៥ទៅ៨គ្រាប់ឯណោះ។ សូមរំលឹកថាសាលរបាំនៃពិធីជប់លៀងនេះត្រូវបានធ្វើឡើងជាប្រចាំនិងជាពិធីដែលមានការជួបជុំដោយអ្នកកាសែតល្បីៗរាប់រយនាក់ តារាល្បីៗ និងមេដឹកនាំថ្នាក់ជាតិផងដែរ ដើម្បីរង់ចាំការសុន្ទរកថារបស់លោក Trump។ អំឡុងពេលនោះដែរសន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងម៉ត់ចត់ មនុស្សដែលជម្លៀសចេញ គឺគ្មានសិទ្ធិចូលមកវិញទេ ដើម្បីរក្សាសុវត្ថិភាព ហើយនេះក៏ជាលើកទៅ៣ដែរ ដែលរូបលោកប្រធានាធិបតី Trump រងការគំរាមកំហែងដោយបាញ់ប្រហាររបស់ខ្មាន់កាំភ្លើង មកលើរូបលោកជាសាធារណៈ ប៉ុន្តែលោកត្រូវរួចផុតពីគ្រោះថ្នាក់ទាំង៣លើកដូចគ្នា៕

សម្រួលអត្ថបទ៖ សុផារិន្ទ