ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»

ភ្នំពេញ ៖ ក្រោមគំនិតផ្តួចផ្តើម និងទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តែងតែខ្វល់ខ្វាយយកចិត្តទុក ដាក់ដល់សុខទុក្ខរបស់មន្រ្តីរាជការទាំងអស់ដែលបម្រើការងារនៅក្រោមចំណុះក្រសួងមុខងារសាធារណៈ លោក បានផ្តួចផ្តើមឱ្យមានក្រុមការងារទទួល បន្ទុកអនុវត្តគម្រោងគិតគូរលើសុខុមាល ភាពមន្រ្តីនៃក្រសួងមុខងារសាធារណៈ ដែលហៅកាត់ថា (MCS H+)។

កន្លងមក ក្រុមការងារ MCS H+ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវកាដូរអនុស្សាវរីយ៍ ក៏ដូចជាថវិកាចូលរួមគាំទ្រទៅដល់សុខុមាលភាព និងការរំលែកទុក្ខផ្សេងៗជូនទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការប្រមាណជាង១០០ករណី រួចមកហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់ឱកាសឱ្យមានការពិនិត្យសុខភាពប្រចាំឆ្នាំជូនទៅ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ៗរូបដែលកំពុងបំពេញការងារនៅក្រោមចំណុះ ក្រសួងមុខងារសាធារណៈ។

មានប្រសាសន៍សំណេះសំណាលក្នុងកម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងការអរគុណដល់មន្រ្តីនៃក្រសួងមុខងារសាធារណៈគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយអស់ពីកម្លាំងកាយចិត្តទោះក្នុងកាលៈ ទេសៈសុខភាពយ៉ាងណាក៏ដោយ ក៏នៅតែខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យទទួលបានសមិទ្ធផលយ៉ាងច្រើន និងថ្មីៗជូនដល់ក្រសួង។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែម“ក្នុងវេលានេះជាការគិតគូររួមចំណែក និងការតបស្នងដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការនៃក្រសួងមុខងារសា ធារណៈទាំងអស់ គឺខ្ញុំមានតែការផ្តល់ជូននូវការយកចិត្តទុកដាក់លើការថែទាំ ពិនិត្យតាមដានសុខភាព និងការព្យា បាលជូនដល់មន្រ្តីទាំងអស់។”

សូមជម្រាបដែរថា៖ កម្មវិធីពិនិត្យសុខ ភាពប្រចាំឆ្នាំនេះមានការចូលរួមគាំទ្រ ដំណើរប្រតិបត្តិការដោយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(DA -UYFC) ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ នៅសាលាភូមិន្ទរដ្ឋបាល៕