ពិធីប្រឡងជ្រើសរើសសមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

នៅថ្ងៃ ២៦ ខែមេសា ឆ្នាំ២០២៦ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំការប្រលងជ្រើសរើសសមណនិស្សិត និស្សិត ឱ្យចូលសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ក្រោមសហអធិបតី លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា ឯកឧត្តមបណ្ឌិត ឡៅ ឈីអ៊ាវ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងមានការនិមន្តចូលរួមពីសម្តេចព្រះរតនត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រះសុមេធវង្សបណ្ឌិតសុខ ប៊ុន ធឿន ប្រធានផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយឧត្តមសិក្សា ព្រះថេរានត្ថេរគ្រប់ព្រះអង្គ គណៈគ្រប់គ្រង និងសាស្រ្តចារ្យ។

មានប្រសាសន៍ក្នុងកម្មវិធី ឯកឧត្តម ងួន ស្តេចភក្តី បានបង្ហាញពីឆន្ទៈមោះមុតក្នុងស្មារតីរួបរួមសាមគ្គីលើកកម្ពស់វិស័យពុទ្ធិកឧត្តមសិក្សានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការបន្តកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សឱ្យកាន់តែរឹងមាំ ដើម្បីក្លាយជាសសរស្តម្ភដ៏មានឧត្តមប្រយោជន៍សម្រាប់សង្គមជាតិទាំងក្នុងផ្នែកអាណាចក្រនិងពុទ្ធចក្រក្នុងពេលអនាគត។ ឯកឧត្តមបានបន្តថ្លែងទៀតថា ចំពោះពិធីប្រឡងនាព្រឹកនេះមានសមណនិស្សិត និស្សិតដែលត្រូវប្រឡងជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៦១៥ អង្គ/នាក់លើឯកទេសចំនួន ៧ ទិន្នន័យនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាក្នុងការរួមចំណែកដើម្បីសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្សជាចម្បង។

ពុទ្ធិកសាកលវិទ្យាល័យ បានបណ្តុះបណ្តាលធនធានបញ្ញាវ័នស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ គន្លឹះទី១ មនុស្ស រាជរដ្ឋាភិបាលបានកំណត់បញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស បន្តផ្តោតលើដេកិច្ចការអាទិភាពចំនួន៥ គឺ (១) ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, (២) ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, (៣) ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, (៤) ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង (៥) ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។

ក្នុងនោះ ឯកឧត្តមតំណាងក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាក្នុងការលើកកម្ពស់វិស័យអប់រំ ដោយតាមរយៈការប្រឡងនេះគឺជាការពង្រឹងគុណភាព និងវាស់ស្ទង់សមត្ថភាពពិតប្រាកដរបស់បញ្ញវន្ត ព្រមទាំងសង្ឃឹមថានិស្សិតគ្រប់រូបនឹងយកចិត្តទុកដាក់ប្រឡងដោយជោគជ័យ។

ជាមួយគ្នានេះ លោកជំទាវ ទូច សារ៉ុម

រដ្ឋលេខាធិការ ក៏បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងក្នុងបេសកម្មកសាងធនធានមនុស្សរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការតម្រង់ទិសឲ្យយុវជនមានចំណេះដឹងប្រកបដោយគុណធម៌ និងសីលធម៌ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងកសាងសង្គមជាតិឲ្យរីកចម្រើន។

សូមជម្រាបជូនថា ពិធីប្រឡងជ្រើសរើសសមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ លើឯកទេសចំនួន ៧ រួមមាន ៖ រដ្ឋបាលសាធារណៈ ជំនាន់ទី២២ នីតិឯកជន ជំនាន់ទី៦ គ្រប់គ្រងទូទៅ ជំនាន់ទី៩ វិទ្យាសាស្រ្តអប់រំ ជំនាន់ទី១១ បង្រៀនភាសាអង់គ្លេស ជំនាន់ទី១១ អក្សរសាស្ត្រខ្មែរ ជំនាន់ទី៦ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ជំនាន់ទី២ ដោយមានបេក្ខសមណនិស្សិត-និស្សិតចូលរួមប្រឡងប្រមាណ ៦១៥ អង្គ/នាក់ ៕