សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន និមន្តជាព្រះអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះញាណសត្ថា សំ សុផល ឡើងជាព្រះគ្រូចៅអធិការវត្តអម្ពផលចុងកោះ

សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះញាណសត្ថា សំ សុផល ឡើងជាព្រះគ្រូចៅអធិការថ្មីវត្តអម្ពផលចុងកោះ នៅថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា និងជាអគ្គលេខាធិការថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណសង្ឃនាយក និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រមទាំងព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងឯកឧត្តម លោកជំទាវ មហាឧបាសក មហាឧបាសិកា សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តអម្ពផលចុងកោះជាច្រើនអង្គ/នាក់។

ក្នុងឱកាសនេះ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត មានពុទ្ធឱវាទប្រគេនព្រះញាណសត្ថា សំ សុផល ឲ្យប្រតិបត្តិតាមអភិក្រម ស៣ សម្រាប់វត្តអារាម គឺវត្តស្អាត៖ បរិស្ថានស្អាត អនាម័យល្អ សំណង់មានរបៀបរៀបរយ ជារមណីយដ្ឋាន សាសនា ជាបុញ្ញខេត្តសម្រាប់ពុទ្ធបរិស័ទ។ វត្តស្វាង៖ ជាកន្លែងផ្ដល់ចំណេះដឹងតាមរយៈការអប់រំ និងជាកន្លែងដុសខាត់ចិត្ត និស្ស័យបណ្ដុះបញ្ញាស្មារតីឲ្យស្គាល់គុណធម៌ សីលធម៌ សុជីវធម៌ (ចូលមកងងឹត ទៅវិញភ្លឺ)។ និងវត្តស្ងប់៖ ជាកន្លែងគ្មានអធិករណ៍(គ្មានជម្លោះ) ជាកន្លែងធ្វើសមាធិកម្មដ្ឋានហ្វឹកហាត់អប់រំចិត្ត បន្ទោរបង់នូវកិលេស ធ្វើចិត្តស្ងប់ប្រាសចាកពន្ធកិច្ចនានា(គ្រឿងជាប់ជំពាក់នានា)។

យោងតាមថេរដីកាព្រះឥន្ទសិរីវង្ស តាត វិបុល ព្រះរាជាគណៈថ្នាក់កិត្តិយស មានថេរដីកាអំពីព្រះជីវប្រវត្តិសង្ខេបព្រះញាណសត្ថា សំ សុផល បានឲ្យដឹងថា ព្រះអង្គប្រសូត្រនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៧ នៅភូមិដើមដូង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។ បិតានាម សំ សាន់ មាតានាម នាង នួន។ ព្រះអង្គមានបងប្អូនចំនួន ៩នាក់ ប្រុស ៦នាក់ ស្រី ៣នាក់។ ព្រះអង្គជាកូនទី២ នៅក្នុងគ្រួសារ។ កាលពីកុមារភាព កុមារ សំ សុផល បានចូលទៅសិក្សានៅសាលាបឋមសិក្សាក្រពុំឈូក និងបន្តការសិក្សានៅអនុវិទ្យាល័យក្រពុំឈូក។ ដោយមាននិស្ស័យក្នុងព្រះពុទ្ធសាសនា យុវជន សំ សុផល បាន ចូលសុំបព្វជ្ជា ជាសាមណេរ ក្នុងព័ទ្ធសីមាវត្តអង្គពន្លៃ ហៅវត្តដើមដូង ភូមិដើមដូង ឃុំក្រពុំឈូក ដែលមាន ព្រះគ្រូរតនបវរ ជុន គុយ ជាព្រះឧបជ្ឈាយ៍ ក្នុងព្រះជន្ម ១៩ឆ្នាំ នាឆ្នាំ១៩៩៦ និងបានបំពេញឧបសម្បទា នៅក្នុងព័ទ្ធសីមាវត្តក្រពុំឈូក ឃុំក្រពុំឈូក ដែលមានព្រះគ្រូរតនបវរ ជុន គុយ ព្រះគ្រូអនុគណស្រុក កោះអណ្តែត ជាព្រះឧបជ្ឈាយ៍ ក្នុងព្រះជន្ម ២០ឆ្នាំ នាឆ្នាំ១៩៩៧។ ព្រះឥន្ទសិរីវង្ស តាត វិបុល ក៏បានមានថេរដីកាអំពីការសិក្សាពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សាចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២៥, វគ្គបណ្តុះបណ្តាល និងទស្សនកិច្ចការងារព្រះពុទ្ធសាសនានៅក្រៅប្រទេស, តួនាទី និងបទពិសោធន៍ការងារ។ អំពីស្នាព្រះហស្ត ក្នុងព្រះតួនាទីជាអ្នកដឹកនាំវត្តអម្ពផលចុងកោះ រយៈពេល១ឆ្នាំកន្លងមកនេះ ព្រះញាណសត្ថា សំ សុផល បានយកព្រះទ័យទុកដាក់ ក្នុងការកសាង និងអប់រំពុទ្ធបរិស័ទ ជាប្រយោជន៍ព្រះពុទ្ធសាសនា និងសង្គមដូចជា៖ បានចូលរួមចំណែកឧបត្ថម្ភដល់វរៈកងទ័ព និងជនភៀសសឹកចំនួន ៣លើក (៣៩លានរៀល), បានបណ្តុះបណ្តាលក្រុមយុវជន សិក្សាព្រះធម៌ និងអប់រំសីលធម៌ ហាត់របាំ ហាត់ភ្លេងពិណពាទ្យ, បានចូលរួមចំណែកឧបត្ថម្ភទេយ្យវត្ថុ និងថវិកា សម្រាប់ពិធីបុណ្យសព និងចុះសួរសុខទុក្ខចាស់ៗ ដែលមានជំងឺក្នុងចំណុះជើងវត្តអម្ពផល, បានដឹកនាំឧបាសក ឧបាសិកា ធ្វើសមាធិរយៈពេលខ្លី ប្រចាំថ្ងៃសីល, រោងតាំងវត្ថុបុរាណមួយខ្នង, រោងតម្កល់ឈើសសរព្រះវិហារចាស់មួយខ្នង, រោងទទួលភ្ញៀវមួយខ្នង, រោងសំយ៉ាបឧបដ្ឋានសាលា, រោងខ្យសចំនួន២, ប្រព័ន្ធលូទឹក និងចាក់សាបលម្អទីធ្លាវត្ត, បូមខ្សាច់ និងចាក់ដីបំពេញទីធ្លាវត្ត, បន្ទប់ទឹក៣ខ្នង មានចំនួន១៦បន្ទប់, រៀបចំលម្អសួន និងតុបតែងបរិវេនវត្ត គិតជាថវិកាសរុបចំនួន ៨៥,២០០ដុល្លារ (ប្រាំបីម៉ឺន ប្រាំពាន់ ពីររយដុល្លារ)។ ក្រៅពីកសាងវត្តអម្ពផល ក្នុងជីវិតផ្នួសរបស់ ព្រះញាណសត្ថា សំ សុផល បានចូលរួមចំណែក ក្នុងការដឹកនាំកសាងព្រះវិហារវត្តដើមដូង (វត្តស្រុកកំណើត) និងកសាងសាលាមត្តេយ្យសហគមន៍១បន្ទប់ នៅវត្តព្រះធម៌មួយលានសាមគ្គី(ខេត្តតាកែវ)។ បានដឹកនាំកសាងបណ្ណាល័យ១ខ្នង និងជួយបង្ហើយសាលា រៀន១ខ្នង នៅវិទ្យាល័យក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។

ដោយទតឃើញអំពីព្រះទ័យទុកដាក់ខ្ពស់របស់ព្រះញាណសត្ថា សំ សុផល ចំពោះវិស័យព្រះពុទ្ធសាសនា ពិសេសចំពោះវត្តអម្ពផលចុងកោះនេះផ្ទាល់ ទើបគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្តល់ព្រះតួនាទីជា ព្រះគ្រូចៅអធិការវត្តអម្ពផលចុងកោះ ចាប់ពីពេលនេះតទៅ៕