សមិទ្ធផលថ្មីបន្ថែមទៀត ផ្លូវបេតុងអាម៉េចំនួន ៣ខ្សែ ត្រៀមបង្ហាញរូបរាងក្នុងឃុំចំនួន៣ នៃស្រុកកំពង់សីលា

ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំចំនួន៣ រួមមាន ឃុំអូរបាក់រទេះ ឃុំកំពង់សីលា និងស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោក ឃាង ភារម្យ នាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្តព្រះសីហនុ និងលោក កែប សុខខេន អភិបានរងស្រុកកំពង់សីលា ក្រុមការងារបច្ចេកទេសខេត្ត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនដេញថ្លៃសាងសង់ និងអ្នកសារព័ត៌មានជាច្រើនរូប។

កិច្ចប្រជុំបើកសំណើដេញថ្លៃបានដំណើរការដោយរលូន ស្របតាមនីតិវិធី ប្រកបដោយយុត្តិធម៌ និងតម្លាភាព ដូចខាងក្រោម៖
-គម្រោងសាងសង់ផ្លូវបេតុងអារម៉េ មានប្រវែងសរុប ៣៦០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតនៅឃុំអូរបាក់រទេះ ។
-គម្រោងសាងសង់ផ្លូវបេតុងអារម៉េ មានប្រវែងសរុប ៥៧៤ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រោស់ ០,១៥ម៉ែត្រ ស្ថិតនៅឃុំកំពង់សីលា។
-គម្រោងសាងសង់ផ្លូវបេតុងអារម៉េ ប្រវែងសរុប ៤៥០ ម៉ែត្រ ទទឹង៦ ម៉ែត្រ ស្ថិតនៅឃុំស្ទឹងឆាយ។

លោក ឃាង ភារម្យ បានណែនាំដល់ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ ត្រូវសហការឱ្យបានភ្ជាប់ខ្ជួនជាមួយអាជ្ញាធរមូលដ្ឋានដែលជាម្ចាស់គម្រោងក្នុងការអនុវត្តគម្រោង ចាប់តាំងពីដំណាក់កាលនៃការចាប់ផ្ដើមរហូតដល់ការបញ្ចប់ការអនុវត្តគម្រោង។ ក្នុងនោះត្រូវយកចិត្តទុកដាក់បំផុតលើ បទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាពសំណង់រឹងមាំ និងការប្រើប្រាស់បានយូរអង្វែង។

សមិទ្ធផលថ្មីៗទាំងនេះ នឹងជួយលើកកម្ពស់ជីវភាព កាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូន និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសសិស្សានុសិស្សនៅតំបន់ជនបទឱ្យកាន់តែប្រសើរឡើង។

ក្នុងឆ្នាំ២០២៦ នេះ គម្រោងមូលនិធិឃុំ សង្កាត់ទាំង២៩ ឃុំ សង្កាត់ មានចំនួន ៣៦គម្រោង ក្នុងនោះគម្រោងដែលបានដេញថ្លៃរួចរាល់មានចំនួន ៣១គម្រោង ស្មើនឹង ២៥ឃុំ សង្កាត់។
អត្ថបទ: ស្រីមុំ