ខ្យល់ព្យុះកំបុតត្បូងដ៏កំណាចមួយបានបោកបក់ឆ្លងកាត់រដ្ឋ Oklahoma បានបំផ្លាញផ្ទះសម្បែងពលរដ្ឋក្នុងស្រុកទាំងស្រុង និងបានបិទផ្លូវធ្វើដំណើរមួយចំនួន
មន្ត្រីបាននិយាយថាខ្យល់ព្យុះកំបុតត្បូងដ៏ខ្លាំងក្លាមួយនៅរដ្ឋ Oklahoma បានហែកដំបូលអគារ ផ្តួលបង្គោលភ្លើង និងបញ្ជូនក្រុមសង្គ្រោះបន្ទាន់ទៅកាន់សហគមន៍ជនបទមួយនោះភ្លាម ដែលស្ថិតនៅក្បែរមូលដ្ឋានទ័ពអាកាស Vance កាលពីថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសេវាអាកាសធាតុជាតិ ខ្យល់ព្យុះកំបុតត្បូងមួយត្រូវបានគេបញ្ជាក់ថា បានវាយប្រហារអំឡុងពេលវាឆ្លងកាត់ផ្នែកខ្លះនៃទីក្រុង Enid ដែលមានប្រជាជនប្រហែលជា៥ម៉ឺននាក់នៅជិតព្រំដែនភាគខាងជើងរបស់រដ្ឋ។ រូបភាពវីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិត គឺបង្ហាញពីកម្លាំងខ្យល់បក់បោកយ៉ាងលឿន ប៉ះជាមួយនឹងផ្ទះសម្បែងរបស់ពលរដ្ឋបណ្តាលឲ្យខូចខាតទាំងស្រុង។ យោងតាមការិយាល័យនគរបាលខោនធី Garfield បានឱ្យដឹងថា មិនមានរបាយការណ៍ភ្លាមៗអំពីមនុស្សស្លាប់ និងរបួសនាប៉ុន្មានម៉ោងបន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងនេះបានឆ្លងកាត់ទីតាំងនោះទេ។ អាជ្ញាធរបានចុះទៅកាន់ផ្ទះសម្បែងពលរដ្ឋនៅតាមសង្កាត់មួយចំនួនដើម្បីពិនិត្យមើលស្ថានភាពរបស់ពួកគេ។ អភិបាលរដ្ឋ Oklahoma លោក Kevin Stitt បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ សូមចូលរួមជាមួយខ្ញុំដើម្បីអធិស្ឋានដល់សម្រាប់សហគមន៍ Enid ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីខ្យល់ព្យុះកំបុតត្បូងនាយប់នេះ។ ចំណែកអ្នកនាំពាក្យនាយកដ្ឋានប៉ូលីស Enid លោក Cass Rains បាននិយាយថា មានរបាយការណ៍ដំបូងបង្ហាញថាមានមនុស្សជាប់នៅក្នុងផ្ទះ និងមានផ្ទះខូចខាតច្រើន។ តំបន់ខោនធី Garfield រួមមានមូលដ្ឋានទ័ពអាកាស Vance នៅជាមួយគ្នាដែរ គឺស្ថិតក្នុងចម្ងាយប្រហែល ១២៩គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Oklahoma៕

សម្រួលអត្ថបទ៖ សុផារិន្ទ


