កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «គោលការណ៍ប្រតិបត្តិស្ដង់ដានៃការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល» ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «គោលការណ៍ប្រតិបត្តិស្ដង់ដានៃការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល» នៅតាមសហគ្រាស រោងចក្រ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តម សោម ចំណាន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួងនេះ គឺជាការត្រៀមលក្ខណៈសម្រាប់ការចុះធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាល ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី២ ឆ្នាំ២០២៦ តទៅ។ កិច្ចប្រតិបត្តិការនេះ នឹងផ្តោតគោលដៅលើរោងចក្រ សហគ្រាសក្នុងវិស័យកម្មន្ដសាលបម្រើឱ្យការនាំចេញ ជាពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តអាទិភាពចំនួន ៥ រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា យន្តការអធិការកិច្ចអន្តរក្រសួងនេះ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់លក្ខខណ្ឌកាន់តែប្រសើរសម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា កាត់បន្ថយការរំខានដល់ម្ចាស់អាជីវកម្ម និងបង្កើនប្រសិទ្ធភាពការងារ។
សូមបញ្ជាក់ថា ស្ថាប័នដែលជាសមាជិកនៃក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាលនេះ រួមមាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនាមជាក្រសួងដឹកនាំ និងសម្របសម្រួលយន្ដការនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើងជាលំដាប់៕



